ភ្នំពេញ ៖ បន្ទាប់ពីមានការណែនំាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីម្សិលមិញ នេះ ក្រសួងរ៉ែ និងថាមពល បានសម្រេចបញ្ចុះតម្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ ប្រភេទឧស្សាហកម្ម និងកសិកម្ម ចាប់ពី១០ទៅ២០ភាគរយ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំ បន់របស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ដែលបានចេញនូវយប់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងគោលដៅជម្រុញការពង្រីកផលិតផលរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្រេចឲ្យក្រសួងរ៉ែ និង ថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះតម្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងកង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាធម្យម អ្នកប្រើប្រាស់អគ្គិសនី តាមវេលានិងអនុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ ដែលភ្ជាប់ជាមួយបណ្តាញជាតិ បានប្រើប្រាស់លើសពីធម្យមភាគប្រចាំខែ នៃការប្រើប្រាស់ ៦ខែ ចុងក្រោយទៅតាមលក្ខខណ្ឌដូចខាងក្រោមនេះ។
«បញ្ចុះអត្រាថ្លៃចំនួន១០ភាគរយសម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី៧ព្រឹក ដល់ម៉ោង៩យប់។ បញ្ចុះអត្រាថ្លៃចំនួន២០ភាគរយសម្រាប់ បរិមាណថាមពល ដែលប្រើប្រាស់លើសធម្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង៩យប់ ដល់ ម៉ោង៧ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។ រយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្ត ឲ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល៣ខែ ចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យ បន្តតាមរយៈការជូនដំណឹងមុន៣០ថ្ងៃតាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា»។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងរ៉ែ និងថាមពល បានលើកឡើងទៀតថា អតិថិជនអ្នក ប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ត្យុងមធ្យម និងតង់ត្យុងខ្ពស់ ដែល យល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវធ្វើការ ការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។
យ៉ាងណាក៏ដោយការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅ ឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយ ឧបត្ថម្ភរួចរាល់ហើយ៕

