អាមេនី៖ ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីអាមេនីកាលពីថ្ងៃពុធ ទី២០ខែកញ្ញា ដើម្បីប្រឆាំង ការបរាជ័យរបស់រដ្ឋាភិបាលអាមេនីក្នុងការគាំទ្រពួកបំបែកខ្លួនអាមេនី នៅតំបន់ការ៉ាបាក់(Karabakh )បន្ទាប់ពីតំបន់ផ្ដាច់ខ្លួន ត្រូវបានបង្ខំឱ្យចុះចាញ់ដោយអាស៊ែរបៃហ្សង់។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលានចតុរង្គសាធារណៈនៅកណ្តាលក្រុងយ៉េរ៉េវ៉ាន់(Yerevan)។ មនុស្សជាច្រើនបានទាមទារឱ្យលោកនាយករដ្ឋមន្រ្តីអាមេនីនីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) ចុះចេញពីតំណែង ដែលលោកបានធ្វើជាអធិបតីលើការចាញ់អាស៊ែរបៃហ្សង់ក្នុងសង្រ្គាមកាលពីឆ្នាំ២០២០ ហើយឥឡូវនេះ គឺការដួលរលំចុងក្រោយ នៃក្រុមអាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់។
អ្នកចូលរួមជាច្រើននាក់បានគ្រវីទង់តំបន់ណាហ្គ័រណូ -ការ៉ាបាក់ (Nagorno-Karabakh) ហើយខ្លះបានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ ហើយអ្នកផ្សេងទៀតបានគប់ដបទឹក និងដុំថ្មទៅលើការិយាល័យនាយករដ្ឋមន្ត្រីនៅទីលានចតុរង្គសាធារណៈ។
នគរបាលបង្ក្រាបកុបកម្មបានបិទទ្វារការិយាល័យរដ្ឋាភិបាល ខណៈរថយន្តដឹកទំនិញបែបយោធាត្រូវបានចតនៅជិតទីលាននេះ ស្របពេលមានវត្តមានកងកម្លាំងសន្តិសុខយ៉ាងច្រើនកុះករ។
ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ឈប់ការវាយលុករបស់ខ្លួន បន្ទាប់ពីកងកម្លាំងបំបែកខ្លួនរបស់អាមេនីនៅតំបន់ណាហ្គ័រណូ -ការ៉ាបាក់ បានយល់ព្រមលើបទឈប់បាញ់ ដែលលក្ខខណ្ឌរបស់ពួកគេជាសញ្ញាថា តំបន់នេះ នឹងត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ទីក្រុងបាគូ (Baku) វិញ។
លោកនាយករដ្ឋមន្ត្រី អាមេនី បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីគាំទ្រអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថាកងកម្លាំងមិនស្គាល់អត្តសញ្ញាណកំពុងនិយាយអំពីរដ្ឋប្រហារនៅ ទីក្រុង យ៉េរ៉េវ៉ាន់ (Yerevan) ៕

