ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃពុធថា មន្ត្រីអាកាសធាតុប្រទេសចិន បានបង្កើនការព្រមាន អំពីភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង នៅក្នុងតំបន់ជាច្រើន មួយថ្ងៃបន្ទាប់ពីព្យុះកួចកំណាចដ៏ខ្លាំងក្លា បានវាយបោកបក់បំផ្លាញនៅខេត្តJiangsu ភាគខាងកើត បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់។ ឧបទ្ទវហេតុចុងក្រោយក្នុងអាកាសធាតុដ៏មហន្តរាយនិងមានមនុស្សស្លាប់ច្រើនសប្តាហ៍មកនេះ បង្កឲ្យអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង នៅតាមតំបន់ឆ្នេរសមុទ្រ នៅជិតសមុទ្រលឿងនៅខេត្ត Jiangsu ( ជាំងស៊ូ)។
ព្យុះកួចដ៏កំណាចកាលពីថ្ងៃអង្គារកើតឡើងមួយភ្លែត ប៉ុន្តែខ្លាំង ដោយរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីរថយន្តក្រឡាប់ បណ្តាញអគ្គិសនីបាក់រលំ និងកម្ទេចកម្ទីហោះហើរ ដែលភាគច្រើនបានរាយប៉ាយនៅតាមដងផ្លូវនៃក្រុង Suqian (ស៊ូឈាន) ជាទីក្រុងនៅភាគខាងជើងនៃខេត្តនេះ។
ប្រព័ន្ធផ្សពផ្សាយ CCTV និយាយថាតំបន់ទាំងពីរ នៅក្នុងខេត្ត បានរងផលប៉ះពាល់ មានតំបន់ Suqian និងYancheng (យ៉ានឆឹង) ។ មនុស្ស៥នាក់បានស្លាប់ និង៤នាក់រងរបួសធ្ងន់ នៅពេលព្យុះកួចដ៏កំណាច វាយបោកបក់ភ្លាមៗ ទៅលើតំបន់មានប្រជាជនរស់នៅច្រើន នៅម៉ោង៥: ២០នាទីល្ងាចម៉ោងក្នុងតំបន់ ក្នុងតំបន់ Suqian ដោយបានបំផ្លាញលំនៅឋាន១.៦៤៦ខ្នង និងបានបំផ្លាញដំណាំជាច្រើនហិចតា។ ក្រោយមក ព្យុះកួចដ៏កំណាចនេះ បានបោកបក់ឆ្លងកាត់ ទីក្រុង Yancheng បណ្តាលឲ្យមនុស្សស្លាប់៥នាក់បន្ថែមទៀត និងរងរបួស៤នាក់។
ការព្រមានអំពីអាកាសធាតុ បានដាក់ចេញកាលពីថ្ងៃពុធ សម្រាប់តំបន់ភាគនិរតី នៃ ទីក្រុង Chongqing (ឆុងឈីង) និងតំបន់ជាច្រើនទៀត នៅខេត្ត Guizhou (ហ្គួយចូវ) ភាគនិរតី ខេត្ត Hunan ភាគខាងត្បូង ខេត្ត Anhui ( អានហួយ) ភាគខាងកើត និងខេត្ត Hubei ភាគកណ្តាល៕

