ក្រុមប្រណាំង Formula One, McLaren បានសំរេចបន្តកិច្ចសន្យាឱ្យកីឡាករវ័យក្មេងអូស្រ្តាលី Oscar Piastri ដល់ដំណាច់រដូវកាល ២០២៦។
កីឡាករវ័យ ២២ ឆ្នាំរូបនេះធ្វើឱ្យក្រុម McLaren មានការចាប់អារម្មណ៍ក្នុងការសហការជាមួយមិត្តរួមក្រុម Lando Norris រដូវកាលនេះ ដែលក្រុម McLaren រំពឹងថា Oscar ជាតារាឆ្នើមរបស់ក្រុមនៅថ្ងៃអនាគត។

ប្រធានគ្រប់គ្រងបច្ចេកទេសរបស់ McLaren លោក Andrea Stella ឱ្យដឹងថា ការសម្រេចបន្តកិច្ចសន្យាជាមួយ Oscar Piastri ជាការសំរេចចិត្តដ៏ងាយស្រួល តាមរយៈទេពកោសល្យ ការងារជាក្រុម និងអត្តចារឹត។
Oscar Piastri សមត្ថភាពគួរកត់សំគាល់រដូវកាលនេះគឺទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងប្រណាំង Sprint Race នៅប៊ែលហ្ស៊ិក និងបានលេខ ៣ ក្នុងការប្រណាំងយកទីចេញដំណើរនៅអង់គ្លេស បន្ទាប់ពីផ្លាស់មកកាន់ McLaren រដូវកាលនេះផ្ទេរពី Alpine F1 Team។
Oscar Piastri កំពុងឈរលេខ ១១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកមាន ៤២ ពិន្ទុក្នុងចំណោមកីឡាករ ២២ នាក់រដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ
