ហៃទី៖ មេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហៃទី បានអំពាវនាវឲ្យមានការផ្តួលរំលំលោកនាយករដ្ឋមន្ត្រី អារៀល ហែនរី ( Ariel Henry) ដោយប្រដាប់អាវុធ ដោយជំរុញប្រជាជនហៃទីឡើងទៅតាមផ្លូវប្រឆាំងនឹងរដ្ឋាភិបាលដែលមិនជាប់ឆ្នោត ដែលជាការកើនឡើងកម្តៅថ្មីបំផុតនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិមនុស្សធម៌នេះ។
លោក Jimmy "Barbecue" Cherizier អតីតមន្ត្រីនគរបាល ដែលបច្ចុប្បន្នជាប្រធានក្រុមចម្រុះដ៏មានឥទ្ធិពលនៃក្រុមជនអន្ធពាលដែលគ្រប់គ្រងផ្នែកធំៗនៃទីក្រុងព័រអូប្រាំង បានដឹកនាំក្រុមប្រដាប់អាវុធរបស់លោកក្នុងការដើរក្បួនឆ្លងកាត់រដ្ឋធានីនេះ កាលពីថ្ងៃអង្គារ ដោយបិទផ្លូវនិងដំស្គរយ៉ាងគគ្រឹកគគ្រេង។
មេដឹកនាំក្រុមជនអន្ធពាល លោក Cherizier បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«យើងកំពុងចាប់ផ្តើមតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់អារៀល ហែនរី តាមមធ្យោបាយណាមួយ» ។ «ការតស៊ូរបស់យើង នឹងធ្វើឡើងជាមួយអាវុធ»។
លោកបានបន្ថែមថា៖«បាតុកម្មនៅគ្រប់សង្កាត់ដែលមានវណ្ណៈកម្មករ»នឹងធ្វើឡើងជារៀងរាល់ថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកហែនរី ដែលលោកបាននិយាយថា មិនមានភាពស្របច្បាប់។
ក្រុមជនអន្ធពាលហៃទីដែលជារឿយៗចូលរួមជាមួយនគរបាលក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង និងប្រាក់ចំណេញពីសកម្មភាពដូចជាការជំរិតទារប្រាក់ និងការជួញដូរគ្រឿងញៀន បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី ហ្សូវេណែល ម៉ូអីស ( Jovenel Moise) ក្នុងឆ្នាំ២០២១៕

