ខ្សែបម្រើ Tottenham Hotspur, Ivan Perisic នឹងត្រូវទទួលវះកាត់ បន្ទាប់ពីរងរបួសអំឡុងការហ្វឹកហាត់ដល់ដាច់សសៃពួរជង្គង់ខាងស្តាំ ដែលនឹងត្រូវសម្រាកពេញមួយរដូវកាលនេះ នេះបើតាមការបញ្ជាក់របស់ក្លិបនៅ Premier League មួយនេះ។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបង្ហាញខ្លួនឱ្យ Spurs បាន ៦ ប្រកួតគ្រប់ក្របខណ្ឌរដូវកាលនេះ ប៉ះបញ្ជូនឱ្យមានគ្រាប់បាល់ពីរលើក។
អតីតកីឡាកររបស់ Inter Milan រូបនេះនឹងត្រូវទទួលការវះកាត់នៅទីក្រុងឡុងដ៍សប្តាហ៍នេះ។

Ivan Perisic បានមកដល់ Spurs ពី Inter Milan នៅឆ្នាំ ២០២២ ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ ពោលគឺកិច្ចសន្យានឹងអស់សុពលភាពដំណាច់រដូវកាលថ្មីនេះ។
Spurs បច្ចុប្បន្នមិនទាន់ចាញ់ឡើយនៅ Premier League ក្រោយលេងបាន ៥ ប្រកួតឈ្នះ ៤ និងស្មើ ១ ឈរលេខ ២ ក្នុងតារាងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Ange Postecoglou។
រំលឹកថា Ivan Perisic គឺជាជ័យលាភីឈ្នះជើងឯក UEFA Champions League ជាមួយនឹង Bayern Munich នៅឆ្នាំ ២០២០ និង ជាសមាជិករបស់ Inter Milan ឈ្នះជើងឯកអ៊ីតាលី Serie A នៅឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ