ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះទៅកាន់ប្រទេសចិន ក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ ជាទីដែលលោកនឹងស្នើសុំសម្ព័ន្ធមិត្តយូរអង្វែងមួយនេះ សម្រាប់ជំនួយហិរញ្ញវត្ថុដើម្បីជួយកសាងឡើងវិញប្រទេសដែលត្រូវបានបំផ្លាញរបស់លោក។

ប្រទេសចិន នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅក្រៅមជ្ឈឹមបូព៌ា ដែលលោក Assad បានទៅធ្វើទស្សនកិច្ច ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមឆ្នាំ២០១១ ដែលចាប់តាំងពីពេលនោះមកបានបណ្តាលឲ្យមនុស្សស្លាប់ជាងកន្លះលាននាក់ ហើយរាប់លាននាក់ទៀតភៀសខ្លួន និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់ប្រទេសស៊ីរី។
លោក Assad ក៏បានក្លាយជា មេដឹកនាំចុងក្រោយក្នុងចំណោមមេដឹកនាំជាបន្តបន្ទាប់ដែលត្រូវបានដកចេញដោយប្រទេសលោកខាងលិច ហើយត្រូវបានស្វាគមន៍ដោយទីក្រុងប៉េកាំង ជាមួយមេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា លោក Nicolas Maduro ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ព្រមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលអ្នកទាំងនេះបានមកធ្វើទស្សនកិច្ចនៅឆ្នាំនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ថា នៅថ្ងៃសៅរ៍ លោកAssad នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅទីក្រុង Hangzhou ភាគខាងកើត។ លោក និងមេដឹកនាំបរទេសផ្សេងទៀត នឹងជួបគ្នានៅទីនោះជាមួយលោក Xi។
ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាលើកដំបូងរបស់លោក Assad ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៤។ ទីក្រុងប៉េកាំង បានផ្តល់ឲ្យទីក្រុងដាម៉ាស់ជាយូរមកហើយនូវការគាំទ្រផ្នែកការទូត ជាពិសេស នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាទីដែលប្រទេសនេះជាសមាជិកអចិន្ត្រៃយ៍។
