កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងបាឋកថាជាសាធារណៈ របស់សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាកលវិទ្យាល័យ Harvard ស្តីពី “អនាគត នៃរដ្ឋបាលសាធារណៈ៖ ភាពឆាប់រហ័ស ស្ថេរភាព និងឌីជីថល (The Future of Public Administration: Agility, Stability, and Digitality)” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន និស្សិត និងសាធារណជន ប្រមាណ ២៥០នាក់។


បាឋកថានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្នុងគោលបំណងចែករំលែកបទពិសោធ និងចំណេះដឹងពីបច្ចេកវិទ្យាឌីជីថល ការកំណត់គោលនយោបាយសំខាន់ៗ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកត្តាគន្លឹះ សម្រាប់អនុវត្តការងារ នៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត។







