នគរបាលកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតទាហានអាមេរិក១៧នាក់ និងមនុស្ស៥នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថា បានរត់ពន្ធឬប្រើប្រាស់កញ្ឆាសំយោគតាមរយៈប្រអប់សំបុត្រយោធា។

ការស៊ើបអង្កេតនេះ បានកើតឡើងបន្ទាប់ពីការវាយឆ្មក់នៅមូលដ្ឋានទ័ពអាមេរិកយ៉ាងហោចណាស់ពីរក្នុងខែឧសភា រួមទាំងមូលដ្ឋាន Camp Humphreys ដែលជាមូលដ្ឋានធំបំផុតរបស់ខ្លួននៅបរទេស។
ជនជាតិហ្វីលីពីនម្នាក់ និងកូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលរដ្ឋអាជ្ញាសើរើសំណុំរឿងប្រឆាំងនឹងជនសង្ស័យទាំង២២នាក់។
ព័ត៌មានជំនួយពីកងកម្លាំងអនុវត្តរបស់កងទ័ពអាមេរិក បានជំរុញឲ្យមានការស៊ើបអង្កេតរយៈពេល៤ខែដោយអាជ្ញាធរកូរ៉េ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយដកស្រង់សម្តីលោក Cha Min-seok ដែលជាអ្នកស៊ើបអង្កេតជាន់ខ្ពស់នៅប្រទេសកូរ៉េខាងត្បូងថា នេះគឺជាករណីមួយក្នុងចំណោមករណីធំបំផុតដែលពាក់ព័ន្ធ នឹងទាហានអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ការឆ្មក់ចូលរួមគ្នារបស់នគរបាលកូរ៉េខាងត្បូង និងផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងទ័ពសហរដ្ឋអាមេរិក បានរកឃើញកញ្ឆាសំយោគចំនួន ៧៧ ក្រាម (២.៧ អោន) ជាង ៤ គីឡូក្រាមនៃ «សារធាតុរាវចម្រុះ» ដែលប្រើសម្រាប់ជក់ និងប្រាក់សរុបចំនួន ១២.៨៥០ ដុល្លារ (១០.៤៤០ ផោន) ជាប្រាក់នៅក្នុងផ្ទះ របស់ជនសង្ស័យទាំង២២នាក់។
