ពិភពលោក៖ ក្រុមអ្នកជំនាញបាននិយាយក្នុងការវាយតម្លៃចុងក្រោយបំផុត នៃស្ថានភាពរបស់វីរុសថា ជំងឺ COVID-19 បម្លែងខ្លួនថ្មីប្រភេទ B1617 កំពុងក្លាយជាវីរុសឆ្លងរាលដាលកាន់តែខ្លាំងពាសពេញពិភពលោក និងអាចធ្វើឲ្យជំងឺរាតត្បាតសកលនេះកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងបណ្ដាប្រទេស ដែលមានអត្រាការចាក់វ៉ាក់សាំងកម្រិតទាប។

ក្រុមអ្នកជំនាញបានបន្ថែមថា នេះមិនមែនជាលើកចុងទេដែលវីរុសនេះបម្លែងខ្លួន។ លោកសាស្ត្រាចារ្យ Teo Yik Ying ដែលជាព្រឹទ្ធបុរសសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានប្រាប់សារព័ត៌មាន Straits Times កាលពីថ្ងៃសៅរ៍ថា អ្វីដែលកំពុងបង្កភាពភ័យខ្លាចគឺល្បឿន នៃការឆ្លងរបស់វីរុសបម្លែងខ្លួនថ្មីនេះអាចឆ្លងរាលដាល និងរាតត្បាតយ៉ាងទូលំទូលាយនៅក្នុងសហគមន៍ ដែលជារឿយៗវាមានសមត្ថភាពឆ្លងហួសពីសមត្ថភាពរបស់អង្គភាពទំនាក់ទំនង - តាមដាន និងកាត់ផ្ដាច់ការប្រាស្រ័យទាក់ទំង ដែលបានប៉ះពាល់ដើម្បីបញ្ឈប់ការឆ្លងជាប្រព័ន្ធ។
វីរុសបម្លែងខ្លួនដែលបានឆ្លងរាលដាលដំបូង នៅក្នុងប្រទេសឥណ្ឌាកាលពីខែតុលា ឆ្នាំ២០២០ ពេលនេះត្រូវបានរកឃើញនៅគ្រប់ទីកន្លែងពាសពេញពិភពលោក។ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan បាននិយាយថា វីរុសបម្លែងខ្លួន B1617 មានសមត្ថភាពចម្លងចាប់ពី ១,៥ ដល់ ២ដងខ្លាំងជាងវីរុសដែលបានផ្ទុះដំបូង នៅក្នុងទីក្រុងអ៊ូហានកាលពី ១៨ខែមុន៕
អត្ថបទ៖ សុខមាន