អ្នកកាន់សាសនាស៊ីគ នៅក្នុងទីក្រុងLahore ប្រទេសប៉ាគីស្ថាន បានចេញតវ៉ាកាលពីថ្ងៃពុធ បន្ទាប់ពី ប្រទេសកាណាដា បង្ហាញការសង្ស័យថា ភ្នាក់ងារឥណ្ឌាមានជាប់ពាក់ព័ន្ធចំពោះឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនកាន់សាសនាស៊ីគ នៅក្នុងខេត្ត British Columbia ។

សមាជិកប្រមាណ៦០នាក់ របស់សហគមន៍សាសនាស៊ីគ បានតវ៉ានៅក្នុងទីក្រុង Lahore និងទីក្រុង Peshawar បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Justin Trudeau និយាយថា ប្រទេសកាណាដា កំពុងស៊ើបអង្កេតការចោទប្រកាន់ដែលគួរជឿជាក់ អំពីការជាប់ពាក់ព័ន្ធដ៏មានសក្តានុពលរបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាក្នុងការសម្លាប់ លោក Hardeep Singh Nijjar នៅក្នុងខេត្ត British Columbia កាលពីខែមិថុនា។
កាលពីថ្ងៃពុធប្រទេសប៉ាគីស្ថាន បាននិយាយថាឃាតកម្មតាមដែលចោទប្រកាន់លើសកម្មជនសាសនាស៊ីគ របស់ឥណ្ឌា នៅលើទឹកដីកាណាដា គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងគោលការណ៍ដែនអធិបតេយ្យរដ្ឋ របស់អង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោកស្រី Mumtaz Zehra Baloch បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ទីក្រុងអ៊ីស្លាម៉ាបាត ចាត់ទុកឧបទ្ទវហេតុនេះបានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងបន្ថែមទៀតរវាងប្រទេសកាណាដានិងឥណ្ឌា គឺជាទង្វើរធ្វេសប្រហេស និងមិនទទួលខុសត្រូវ ដែលបានចោទជាសំណួរពីភាពជឿជាក់របស់ប្រទេសឥណ្ឌា ជាដៃគូអន្តរជាតិ និងការអះអាងរបស់ខ្លួនសម្រាប់ការទទួលខុសត្រូវជាសកល។ លោកស្រីនិយាយថា វាបានបង្ហាញថា បណ្តាញនៃការធ្វើឃាតក្រៅដែនដីរបស់ឥណ្ឌា បច្ចុប្បន្ននេះ បានរាលដាលជាលក្ខណៈសកលហើយ។
