
លេខាធិការក្រុមប្រឹក្សាសន្តិសុខអាមេនី លោក Armen Grigoryan បានចោទប្រកាន់កងរក្សាសន្តិភាពរុស្ស៊ីថា មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួននោះឡើយ ក្នុងការការពារតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។
នេះជាការលើកឡើងរបស់លោក Grigoryan នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក។ តែអ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) បានច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋានជាក់លាក់នោះឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានលើកឡើងពីស្ថានភាពនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់នេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងទីក្រុង St. Petersburg កាលពីថ្ងៃពុធផងដែរ ដោយលោកបានប្រាប់ថា កងរក្សាសន្តិភាពរបស់ប្រទេសលោកបានធ្វើការយ៉ាងសកម្មជាមួយគ្រប់ភាគីជម្លោះ និងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើបាន ដើម្បីការពារជនស៊ីវិល។
ប្រទេសរុស្ស៊ីបាន និងកំពុងគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនអាមេនី ប៉ុន្តែការចុះចាញ់ដោយជាក់ស្ដែងរបស់កងកម្លាំងអាមេនី ចំពោះប្រទេសអាស៊ែបៃហ្សង់ នៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ គូសបញ្ជាក់ពីការបាត់បង់ឥទ្ធិពលរបស់រុស្ស៊ី នៅក្នុងតំបន់នេះ៕