
ប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន បានប្រកាសថា ខ្លួននឹងលែងផ្គត់ផ្គង់អាវុធដល់ប្រទេសនេះទៀតហើយ ខណៈដែលជម្លោះការទូតលើគ្រាប់ធញ្ញជាតិកាន់តែមានខ្លាំងឡើងៗ។
នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បាននិយាយថា ខ្លួននឹងផ្តោតលើការបំពាក់អាវុធទំនើបដល់ប្រទេសខ្លួនជំនួសវិញ។ ការសម្រេចនេះកើតឡើង ក្នុងខណៈដែលភាពតានតឹង រវាងប្រទេសទាំង២ កាន់តែកើនកម្ដៅខ្លាំងឡើងៗ។
គួររំលឹកដែរថា កាលពីថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) ប៉ូឡូញបានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ជុំវិញការអត្ថាធិប្បាយរបស់ប្រធានាធិបតីលោក Volodymyr Zelensky នៅអង្គការសហប្រជាជាតិ ដោយលោកមេដឹកនាំអ៊ុយក្រេនបាននិយាយថា ប្រទេសមួយចំនួនបានបន្លំធ្វើជាសាមគ្គីភាពជាមួយអ៊ុយក្រែន ដែលការលើកឡើងនេះ ទីក្រុងវ៉ាសូវី បានបរិហារថា «មិនសមហេតុផលចំពោះប៉ូឡូញ ដែលបានគាំទ្រអ៊ុយក្រែនចាប់តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមសង្រ្គាម»។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានប្រកាសពីការសម្រេចឈប់ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ បន្ទាប់ពីមួយថ្ងៃនៃភាពតានតឹង ដែលកើនឡើងយ៉ាងឆាប់រហ័ស រវាងប្រទេសទាំង២ ជុំវិញការនាំចូលគ្រាប់ធញ្ញជាតិ៕