
រជ្ជទាយាទរបស់អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានមានព្រះបន្ទូលនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិកថា ប្រទេសរបស់ព្រះអង្គកំពុងឈានទៅជិតការធ្វើប្រក្រតីភាពទំនាក់ទំនងបន្តិចម្ដងៗជាមួយអ៊ីស្រាអែល ហើយថែមទាំងបានព្រមានថា ប្រសិនបើអ៊ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរមួយនោះ ប្រទេសរបស់ព្រះអង្គត្រូវតែផលិតបានដូចគ្នាដែរ។
នៅពេលដែលត្រូវបានស្នើសុំឲ្យកំណត់លក្ខណៈនៃកិច្ចពិភាក្សា ក្នុងគោលបំណង ដើម្បីធ្វើឲ្យគូអរិដ៏យូរអង្វែងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបើកទំនាក់ទំនងការទូតនោះ រជ្ជទាយាទអង្គនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា៖ «ជារៀងរាល់ថ្ងៃយើងកាន់តែខិតជិតគ្នាខ្លាំងឡើងៗ»។
កិច្ចសម្ភាសន៍របស់បណ្តាញអភិរក្សនិយមសហរដ្ឋអាមេរិកជាមួយរជ្ជទាយាទ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា MBS (Mohammed bin Salman) កើតឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden ជំរុញឲ្យវិវឌ្ឍទៅមុខជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើជាអ្នកសម្រេបសម្រួល សម្រាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងមហាអំណាចក្នុងតំបន់ទាំង២ ដែលជាសម្ព័ន្ធមិត្តមជ្ឈិមបូព៌ាដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន៕