ភ្នំពេញ៖ ក្រសួងការពារជាតិ អះអាងថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដល់ទៅជិត ៩០ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងយុទ្ធនាការរយៈពេល ៣០ថ្ងៃកន្លងមកនេះ។
ក្រសួងការពារជាតិបានឱ្យដឹងបែបនេះ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងមួយនេះ។
បើតាមរបាយការណ៍ដដែលនេះ ពលរដ្ឋជាង ៦៥ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅអំឡុងពេលនេះ។
ក្រសួងការពារជាតិ បានឱ្យដឹងផងដែរថា ក្រសួងបានផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋសរុបដល់ទៅជាង ១លាន ២០ម៉ឺននាក់ហើយនៅទូទាំងប្រទេស ក្នុងនោះពលរដ្ឋជិត ៩៣ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកន្លងមកនេះ៕