
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា លោកនឹងណែនាំរដ្ឋាភិបាលរបស់លោកឲ្យរៀបចំសសរស្តម្ភនៃកញ្ចប់ថវិកាសេដ្ឋកិច្ច នៅដើមសប្តាហ៍ក្រោយ ក្រោមគណៈរដ្ឋមន្ត្រីថ្មីរបស់លោក។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន បន្ទាប់ពីការចូលរួមរបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោក Kishida បាននិយាយថា កញ្ចប់ថវិកាជួយជំរុញសេដ្ឋកិច្ចនឹងរួមបញ្ចូលវិធានការ ដែលប្រឆាំងនឹងបញ្ហានានា ដូចជាអតិផរណា និងការថយចុះចំនួនប្រជាជនជាដើម។
លោក Kishida បានប្រាប់ថា៖ «ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅតែមិនទាន់មានស្ថិរភាពទេ។ តម្រូវការក្នុងស្រុក ក្នុងនោះរួមទាំងការប្រើប្រាស់ និងការវិនិយោគ នៅតែមិនទាន់ប្រាកដប្រជា ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបាន និងកំពុងបង្ហាញសញ្ញានៃការធ្វើដំណើរឆ្ពោះទៅរកអតិផរណាក៏ដោយ»។
ជាមួយគ្នានេះ លោកក៏បានបន្ថែមដែរថា លោកសង្ឃឹមថា នឹងបង្ហាញកញ្ចប់ថវិកាសេដ្ឋកិច្ចដ៏គួរឲ្យមានទំនុកចិត្តមួយ ដើម្បីពន្លឿនសញ្ញានៃការផ្លាស់ប្តូរទាំងនោះ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដើម្បីឲ្យសេដ្ឋកិច្ចអាចឈានចូលដំណាក់កាលថ្មីមួយ៕