
គណៈប្រតិភូឆ្លងគណបក្សនៃសមាជិកសភាអូស្ត្រាលី ដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកការដោះលែងស្ថាបនិកគេហរទំព័រ WikiLeaks លោក Julian Assange (ជូលាន អាសាញ) បាននិយាយ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា ពួកគេបានពិភាក្សាប្រកបដោយប្រសិទ្ធភាព នៅទីក្រុងវ៉ាស៊ីនតោន ជាមួយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។
ក្រុមសមាជិកសភាអូស្ត្រាលី បានជំរុញឲ្យមន្ត្រីអាមេរិកទម្លាក់ចោលការប៉ុនប៉ងធ្វើបត្យាប័នលោក Assange ពីពន្ធនាគារអង់គ្លេសទៅកាន់សហរដ្ឋអាមេរិក ជាទីដែលលោក ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់លើការចេញផ្សាយរបស់គេហរទំព័រ WikiLeaks នូវឯកសារសម្ងាត់របស់យោធាអាមេរិក និងខ្សែទូរលេខការទូត។
គណៈប្រតិភូរួមមានសមាជិកសភាមកពីរដ្ឋាភិបាលគណបក្សការងារ គណបក្សសេរីនិយម និងគណបក្សប្រឆាំងសេរី និងជាតិនិយម ហើយនិងគណបក្ស Greens ។ សមាជិកសភាគណបក្សការងារ លោក Tony Zappia បាននិយាយថា ប្រជាជនអូស្ត្រាលីជឿថា លោក Assange ដែលជាពលរដ្ឋអូស្ត្រាលី ត្រូវបានផ្តន្ទាទោសគ្រប់គ្រាន់ហើយ ហើយការចោទប្រកាន់លើរូបលោក គួរតែត្រូវបានទម្លាក់ចោលដែរ។
សមាជិកព្រឹទ្ធសភាអូស្ត្រាលី លោក David Shoebridge បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយទេនោះ វានឹងធ្វើឲ្យខូចដល់ទំនាក់ទំនងទ្វេភាគី រវាងអូស្ត្រាលី និងសហរដ្ឋអាមេរិក។
អ្នកគាំទ្រលោក Assange មួយចំនួនបានប្រមូលផ្ដុំគ្នានៅខាងក្រៅអគារក្រសួងយុត្តិធម៌ ជាកន្លែងដែលកិច្ចប្រជុំ បានធ្វើឡើង ហើយបានសាទរលោក Assange ថា ជាអ្នកសារព័ត៌មាន ដែលគួរតែបានជួបជុំជាមួយគ្រួសាររបស់លោកឡើងវិញ៕