ភ្នំពេញ ៖ លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀននិងការគ្រប់គ្រងថ្នាក់រៀនសម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលាមធ្យមវិចិត្រសិល្បៈ។
លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានធ្វើការបែងចែកជា២ដំណាក់កាល ហើយដំណាក់កាលទី១ លើកទី២នេះ មានសិក្ខាកាមសរុប១០២រូប ស្រី៥០រូប។ ហើយកម្មវិធីសិក្សារយៈពេល៤ថ្ងៃនេះ មានការដាក់បញ្ចូលប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ទី១. មុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីលើកកម្ពស់សីលធម៌របស់គ្រូបង្រៀន លើកកម្ពស់សេចក្តីថ្លៃថ្នូរបស់គ្រូបង្រៀន និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ។ ទី២. មុខវិជ្ជាការតាក់តែងប្លង់មេរៀន អនុញ្ញាតឱ្យសិក្ខាកាម និងទទួលបានពីវិធីសាស្រ្ត ក្នុងការសរសេរប្លង់ បែងចែកកំណត់ពេលវេលា និងវាយតម្លៃលទ្ធផលបង្រៀនរៀងរាល់ពេលបណ្តុះបណ្តាល ទៅលើសូចនាករដែលខ្លួនបានកំណត់ និងវាយតម្លៃក្រោយសិក្សា។ ទី៣. មុខវិជ្ជាវិធីសាស្រ្តគ្រប់គ្រងកំហឹង ដើម្បីប្រសិទ្ធភាពការបង្រៀន អនុញ្ញាតឱ្យសិក្ខាកាមចេះរកវិធីសាស្រ្តក្នុងការរក្សាផ្លូវចិត្ត និងចេះដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន និងទី៤. មុខវិជ្ជាវិធីសាស្រ្តនៃការបង្រៀន និងគ្រប់គ្រងថ្នាក់រៀន អនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។
លោកជំទាវ ឆឹង ស៊ីមន បានថ្លែងថា វគ្គបណ្តុះបណ្តាល៤ថ្ងៃនេះ បានផ្សារភ្ជាប់ នឹងគោលនយោបាយធនធានមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនសុ្ស ដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវា បណ្តុះបណ្តាលប្រកបដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ។ ហើយវគ្គបណ្តុះបណ្តាលនេះ ពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីគ្រប់គ្រងថ្នាក់រៀន យល់កាន់តែច្បាស់ពីរបៀបរបបការងារ ដែនសមត្ថកិច្ច ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការចាត់ចែង និងការទទួលខុសត្រូវការងារ ការតាមដាននិងការវាយតម្លៃ គុណផលរបស់សិស្សក្នុងថ្នាក់រៀនរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុន។
លោកជំទាវ ឆឹង ស៊ីមន បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូជាសិក្ខាកាម ដែលមានវត្តមាននៅថ្ងៃនេះ ជាមូលធនមនុស្សប្រកបដោយសក្តានុពល ក្នុងកិច្ចការងារលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រិសិល្បៈទាំងពេលនេះ និងទៅថ្ងៃអនាគត។ ដូច្នេះការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យ និងជំនាញទន់ (soft skill) បន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំបណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈ និងវប្បធម៌ និងដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកលភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ៕
អត្ថបទ រដ្ឋា




















Bong rotha BTV, [9/21/2023 5:49 PM]
ខ្ញុំសូមផ្ញើរូបភាព និងអត្ថបទ ជូន សូមគោរពអរគុណច្រើន