ឥណ្ឌា៖ ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ បានផ្អាកការផ្ដល់ទិដ្ឋាការឆ្លងដែនថ្មីសម្រាប់ពលរដ្ឋកាណាដា និងបានស្នើឲ្យទីក្រុងអូតាវ៉ា (Ottawa) កាត់បន្ថយវត្តមានអ្នកការទូតរបស់ខ្លួននៅក្នុងប្រទេសនេះ ជាការកើនឡើងកម្ដៅខ្លាំងថ្មី កើតចេញពីការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) ពាក់ព័ន្ធទៅនឹងទីក្រុង New Delhi ចំពោះឃាតកម្មរបស់មេដឹកនាំក្រុមផ្ដាច់ខ្លួនកាន់សាសនាស៊ីគ។
ក្រសួងការបរទេសឥណ្ឌា បាននិយាយថា កាណាដា ពុំបានចែករំម្លែកព័ត៌មានជាក់លាក់ណាមួយជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពី សំណាក់លោកទ្រូដូ នោះទេ ហើយថា ទីក្រុង New Delhi មានឆន្ទៈទទួល ប្រសិនបើត្រូវបានផ្ដល់ឲ្យនោះ ។
ការផ្អាកដ៏ធំនៃទិដ្ឋាការឆ្លងដែនថ្មីធ្វើឡើងដោយប្រទេសឥណ្ឌា សម្រាប់ប្រទេសលោកខាងលិចមួយនេះ ពុំធ្លាប់បានកើតឡើងទេ និងធ្វើឲ្យទំនាក់ទំនងឥណ្ឌា -កាណាដា ធ្លាក់ដល់ចំណុចទាបបំផុត។
សេចក្ដីប្រកាសនេះ បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរជាន់ខ្ពស់របស់កាណាដានិយាយថា ខ្លួននឹងកាត់បន្ថយវត្តមានបុគ្គលិកផ្នែកការទូតរបស់ខ្លួនជាបណ្ដោះអាសន្ននៅក្នុងប្រទេសឥណ្ឌា ក្រោយក្រុមអ្នកការទូតមួយចំនួន បានទទួលសារគំរាមនៅលើបណ្ដាញសង្គម។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អារីនដាំបាកជី(Arindam Bagchi) បាននិយាយថា ឥណ្ឌាបានផ្អាកចេញទិដ្ឋាការឆ្លងដែនថ្មី ចំពោះពលរដ្ឋកាណាដា ដោយសារការគំរាមផ្នែកសន្តិសុខចំពោះបុគ្គលិករបស់ខ្លួនក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅកាណាដា។
គួររម្លឹកថា ភាពតានតឹងមិនធ្លាប់មានបានរីកកាន់តែធំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីលោកទ្រូដូ និយាយថា ទីក្រុងអូតាវ៉ា កំពុងស៊ើបអង្កេតការចោទប្រកាន់ដែលអាចទុកចិត្តបានអំពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌាក្នុងករណីឃាតកម្មកាលពីខែមិថុនាលើសកម្មជនកាន់សាសនាស៊ីគ លោក ហាឌីបស៊ីញនីចា (Hardeep Singh Nijjar)នៅខេត្តប្រ៊ីធីសកូឡុំប៊ីរបស់កាណាដា៕

