អាមេនី៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានសហរដ្ឋអាមេរិក ទួរគី រុស្ស៊ី និងអាល្លឺម៉ង់ បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) សម្រាប់សន្តិភាពនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលជាតំបន់បំបែកខ្លួនរបស់អាមេនីនៅក្នុងប្រទេសអាស៊ែរបៃហ្សង់ ជាទីដែលរដ្ឋធានីបាគូ បានបើកការវាយលុកក្នុងសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសអាមេនី លោក អារ៉ារ៉ាត់ មឺហ្ស៊ូយ៉ាន (Ararat Mirzoyan) បាននិយាយថា រដ្ឋធានីបាគូ ទំនងជានឹងបន្តប្រើកម្លាំងប្រឆាំងនឹងជនស៊ីវិលនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ម្តងទៀត លុះត្រាតែមានការរារាំងដោយមហាអំណាចពិភពលោក។
សមភាគីអាស៊ែបៃហ្សង់របស់លោក មឺហ្ស៊ូយ៉ាន គឺលោករដ្ឋមន្ត្រីការបរទេស Jeyhun Bayramov ដែលចោទប្រកាន់រដ្ឋធានីយេរ៉េវ៉ាន់ ពីការផ្សព្វផ្សាយព័ត៌មានមិនពិត បាននិយាយថា រដ្ឋធានីបាគូបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹងកងកម្លាំងរបស់រដ្ឋធានីយេរ៉េវ៉ាន់ តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា តំបន់ ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ែរបៃហ្សង់ ប៉ុន្តែបានទទួលឯករាជ្យភាពជាក់ស្តែង ចាប់តាំងពីផ្តាច់ខ្លួននៅក្នុងសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៩០មក នៅពេលដែលសហភាពសូវៀតបនាដួលរលំ។
អាស៊ែរបៃហ្សង់បានបើកការវាយលុកយោធាដើម្បីដណ្តើមបានការគ្រប់គ្រងឡើងវិញលើទីក្រុង ការ៉ាបាក់ នេះកាលពីថ្ងៃទី១៩ ខែកញ្ញា រយៈពេលមួយថ្ងៃបន្ទាប់ពីជំនួយមនុស្សធម៌ត្រូវបានបញ្ជូនទៅតំបន់នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ៕

