ប៉ាគីស្ថាន៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសប៉ាគីស្ថាន (ECP) កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) បានប្រកាសពីការបោះឆ្នោតសកលនៅក្នុងខែមករា រយៈពេលជិតបីខែក្រោយការគ្រោងទុក ដោយដកចេញនូវភាពមិនច្បាស់លាស់ខាងនយោបាយលើពេលវេលា ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះក្នុងប្រទេសនេះ។
ការបោះឆ្នោតនៅក្នុងប្រទេសអាស៊ីខាងត្បូងដែលមានបញ្ហានយោបាយ និងសេដ្ឋកិច្ចមួយនេះ ធ្លាប់ត្រូវបានគ្រោងធ្វើឡើងនៅក្នុងខែវិច្ឆិកានេះ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែការបែកបាក់នៃមណ្ឌលបោះឆ្នោត ជុំវិញការធ្វើជំរឿនថ្មី។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ ECP បាននិយាយថា ការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅនៅចុងខែមករា បន្ទាប់ពីការបញ្ចប់នៃដំណើរការដែលរួមមានការដាក់ពាក្យស្នើសុំការតែងតាំង ការអំពាវនាវ និងការឃោសនាបោះឆ្នោត ដោយទំនងជាដកបេក្ខភាពរបស់លោកអតីតនាយករដ្ឋមន្រ្តី Imran Khan ចេញពីការបោះឆ្នោតនេះ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតបានចោទជាសំណួររួចមកហើយ អំពីភាពមិនលំអៀងនៃរដ្ឋាភិបាលចាំផ្ទះ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក Anwaar ul Haq Kakar ដែលមកពីគណបក្សគាំទ្រយោធា ដោយនិយាយថា វាហាក់ដូចជាស្របពេលជាមួយនឹងបក្សប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ។
គួររម្លឹកផងដែរថា លោកអតីតនាយករដ្ឋមន្ត្រី Khan ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់នៅប៉ាគីស្ថាន មិនអាចចូលរួមប្រកួតប្រជែងក្នុងការការបោះឆ្នោតនេះបានទេ បន្ទាប់ពីលោកត្រូវបានរារាំងពីតំណែងសាធារណៈអស់រយៈពេលប្រាំឆ្នាំ បន្ទាប់ពីការស៊ើបអង្កេតអំពើពុករលួយ៕


