កម្លាំងអាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំរួចធ្វើកំណត់ហេតុលើក្រុមអ្នកលក់ដូរបន្លែត្រីសាច់ទាំងឡាយ ឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវលេខ២៧១ ធ្វើអាជីវកម្មបន្តទៀត ព្រោះប៉ះពាល់ និងបាត់បង់សណ្តាប់ធ្នាប់ដងផ្លូវសាធារណៈ។
ការចុះរៀបចំ និងអប់រំណែនាំនេះ ធ្វើឡើងនាវេលាម៉ោង៥ និង៣០នាទីទាបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមការងារអាជ្ញាធរ បានធ្វើកំណត់ហេតុ កិច្ចសន្យា ជាមួយពលរដ្ឋដែលយកចិញ្ចើមផ្លូវសាធារណៈលក់ដូរ ឱ្យបញ្ឈប់ការលក់ដូរបែបនេះទៀត ដោយទុករយះពេល០៧ថ្ងៃ ដើម្បីអាចឱ្យពួកគាត់មានលិទ្ធភាពស្វែងរកទីតាំងថ្មី បន្តអាជីវកកម្មលក់ដូររបស់ខ្លួនបន្តទៀត ដែលជាទីតាំងត្រឹត្រូវ មិនមានការលក់ដូរបំពាន ឬរំលោភចិញ្ចើមផ្លូវ ឬដងផ្លូវសាធារណះ ដែលជាហេតុ នាំឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម ។
ក្នុងនោះដែរ ប្រសិនបើដល់រយះកាលដែលអាជ្ញាធរបានកំណត់ ហើយអ្នកលក់ដូរនៅលើដងផ្លូវខាងលើ នៅតែមិនទាន់បញ្ឈប់ការលក់ទេនោះ កម្លាំងអាជ្ញាធរ នឹងមានវិធានការរដ្ឋបាលតាមនីតិវិធីច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនអ្នកលក់ដូរនោះឡើយ៕ លីហេង










