កំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យ ស្ថានភាពជាក់ស្ដែងនៃការកើនឡើងទឹកជំនន់ក្នុងភូមិសាស្ត្រ ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញដល់អាជ្ញាធរខេត្ត ត្រូវតាមដាននូវស្ថានភាពកម្ពស់ទឹក ស្រង់ទិន្នន័យខ្នងផ្ទះប្រជាពលរដ្ឋដែលរងការជន់លិច រាយការណ៍មកថ្នាក់លើ ។ ខណៈស្ថានភាពបច្ចុប្បន្ន មានការជនលិចមួយចំនួននៅលើផ្ទៃដីដាំដុះដំណាំ ស្រែចម្ការ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ទីវត្តអារាម ផ្ទះសម្បែង និងនៅតាមបណ្តាសាលារៀន តែមិនទាន់ប៉ះពាល់ខ្លាំងនោះទេ។
ទន្ទឹមគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ស្រុក ឃុំ ភូមិ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។








