ចិន៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានមកដល់ទីក្រុង Hangzhou ប្រទេសចិនភាគខាងកើត ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០០៤ ហើយបំណងចុងក្រោយរបស់លោកដើម្បីបញ្ចប់ភាពឯកោផ្នែកការទូតដែលមានរយៈពេលជាងមួយទសវត្សរ៍ក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។
លោក Assad បានមកដល់តាមយន្តហោះ Air China ក្នុងពេលមានអ័ព្ទខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា «បានបន្ថែមបរិយាកាសនៃភាពអាថ៌កំបាំង» ជាការស្វាគមន៍ចំពោះការធ្វើដំណើរទៅក្រៅប្រទេសមិនញឹកញាប់របស់មេដឹកនាំស៊ីរី ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលសង្រ្គាមស៊ីវិលបានផ្ទុះឡើង បណ្តាលឲ្យមនុស្សជាងកន្លះលាននាក់ស្លាប់។
មេដឹកនាំស៊ីរី មានផែនការចូលរួមក្នុងពិធីបើកកីឡាអាស៊ី(Asian Games) នៅថ្ងៃសៅរ៍ជាមួយឥស្សរជនបរទេសជាច្រើននាក់ផ្សេងទៀត មុនពេលដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន។
លោកនឹងជួបប្រធានាធិបតី លោក Xi Jinping នៅថ្ងៃសុក្រនេះ និងមានជំនួបបន្ថែមទៀតនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ នៅក្នុងទីក្រុងប៉េកាំង។
ដោយត្រូវបានគេមើលឃើញនៅជាមួយប្រធានាធិបតីចិននៅក្នុងការជួបជុំប្រចាំតំបន់ វានឹងបន្ថែមភាពស្របច្បាប់ថែមទៀតដល់យុទ្ធនាការរបស់លោក Assad ដើម្បីត្រលប់ទៅរកឆាកពិភពលោកវិញ។ ប្រទេសស៊ីរី បានចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ចិនក្នុងឆ្នាំ២០២២ ហើយត្រូវបានស្វាគមន៍ឱ្យត្រលប់មកកាន់សម្ព័ន្ធអារ៉ាប់កាលពីខែឧសភា៕

