ក្រុមបាល់ឱបម្ចាស់ផ្ទះបារាំងរកបានជ័យជំនះដ៏ធំធេងលើណាំមីប៊ីដល់ទៅ ៩៦-០ កាន់តែកៀកក្នុងការកក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ឱបជើងឯកពិភពលោកក្នុងទឹកដីរបស់ខ្លួន។
ជំនួបនៅក្នុងពូល A នៅទីក្រុង Marseille នេះ ក្រុមបាល់ឱបមកពីតំបន់អាហ្វ្រិកណាំមីប៊ីគ្មានអ្វីតបតរនឹងអតីតជើងឯករង ៣ លើកបារាំងឡើយ ខណៈកីឡាករ Damian Penaud រកបាន ៣ Tries ម្នាក់ឯង ក្នុងចំណោម ១៤ Tries សរុប។ Jonathan Danty, Charles Ollivon និង Louis Bielle-Biarry សុទ្ធតែរកបាន ២ Tries ម្នាក់ឯង។

យ៉ាងណាក្តី ស្របពេលនឹងជ័យជំនះរបស់បារាំងនេះ បារាំងក៏មានក្តីបារម្ភធំមួយគឺរបួសរបស់កីឡាករសំខាន់ Antoine Dupont ខណៈប្រធានក្រុមរូបនេះត្រូវបានផ្លាស់ចេញនៅវគ្គទី ២ ក្រោយប៉ះទង្គិចជាមួយនឹងកីឡាកររបស់ណាំមីប៊ី Johan Deysel ដែលទទួលបានកាតក្រហមបណ្តេញពីការប្រកួត។
របួសរបស់ Antoine Dupont អាចប្រឈមនឹងអវត្តមានពីក្រុមនៅវគ្គ ៨ ក្រុមចុងក្រោយ។
បារាំងនៅពេលនេះលេង ៣ ប្រកួតឈ្នះទាំង ៣ ឈរលើគេក្នុងពូលមាន ១៣ ពិន្ទុ តាមពីក្រោយដោយក្រុមអ៊ីតាលី លេង ២ ប្រកួតមាន ១០ ពិន្ទុ ហើយក្រុមទាំងពីរបារាំង និងអ៊ីតាលីនឹងជួបគ្នានៅថ្ងៃទី៧ ខែតុលា៕ អត្ថបទ៖នាង សុភាវុធ