បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១ ១៦០ គ្រួសារ បន្ថែមទៀត ក្នុងនោះ មកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ៨៣០គ្រួសារ និងមកពីឃុំឫស្សីក្រាំង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ៣៣០គ្រួសារ ពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ។
នេះជាការចូលរួមចែករំលែកក្តីអាណិតស្រឡាញ់ និងរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋដែលកំពុងតែត្រូវការជំនួយ ជួយសម្រាលការលំបាក ស្របពេលដែលពួកគាត់កំពុងតែលិចលង់ ដោយគ្រួសារនីមួយៗ ទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស,មី២កេស, ប្រេងខ្យង២ដប, កាហ្វេ១កញ្ចប់ធំ,ភួយ១,សារុង ១, ថ្នាំដុសធ្មេញ១, ប្រេងកូឡា១, សាប៊ូដុសខ្លួន១ដុំ,ថ្នាំពេទ្យ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។
ថ្លែងក្នុងឱកាសជួបសួរសុខទុក្ខលោកជំទាវ បានពាំនាំនូវប្រសាសន៍របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងចូលរួមសោក ស្តាយ នូវការខូចខាត បាត់បង់ នូវទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ តែទោះជាយ៉ាងណាសម្តេចទាំងទ្វេរ នៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ពេលវេលា ដោយមិនទុក្ខឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេ សូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តបង្កបង្កើនផលទៀត បន្ទាប់ពីទឹកស្រក។ និងសូមអោយពលរដ្ឋទាំអស់ បង្កើនការប្រុងប្រយ័ត្ន និង រស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬ អាហារដែលចម្អិនបានល្អ និងចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក និងសូមចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ–១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល។
លោកជំទាវ បានកោតសរសើរចំពោះកងកម្លាំងគ្រប់ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស ប៉េអិម អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សមួយនេះ។ និងសូមថ្លែងអំណរគុណដល់បណ្តាសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស តែងតែជួយឧបត្ថម្ភគាំទ្រ ដល់សមាគម TYDA នូវសម្ភារប្រើប្រាស់ ស្បៀងអាហារ សម្រាប់ជូនដល់ជនរងគ្រោះ។
ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណរគុណយ៉ាងជ្រាវ ជ្រៅចំពោះម្ចាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលង់ ពីគ្រោះទឹកជំនន់នេះ។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម TYDA ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការនាំយកអំណោយទាំងនេះ ប្រគល់ដល់ដៃបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ទោះបីផ្លូវធ្វើដំណើរលំបាកយ៉ាងណា អោយតែបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន អោយបានទាន់ពេលវេលា៕
អត្ថបទ ៖ សម ងីម




