ក្រុមបាល់ទាត់ម្ចាស់ផ្ទះចិនបន្តធ្វើបានល្អ ក្នុងការប្រកួតវិញ្ញាសាបាល់ទាត់នៅព្រឹត្តិការណ៍កីឡាអាស៊ីក្រោយយកឈ្នះមីយ៉ាន់ម៉ា ៤-០ ដែលជាជ័យជំនះពីរប្រកួតផ្ទួនៗនៅក្នុងពូល A។
កីឡាករ Tan Long តែតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងរយៈពេល ៣ នាទីអំឡុងវគ្គទី ១ ខណៈ ២ គ្រាប់ទៀតក៏រកបានក្នុងវគ្គទី ១ ដែរដោយ Wang Zhenao នាទីទី ២២ និង គ្រាប់ចុងក្រោយនាទីទី ៤៤ ដោយ Dai Weijun។

នេះជាជ័យជំនះទី ២ របស់ចិនដើម្បីឈរលើគេក្នុងពូល A នេះមាន ៦ ពិន្ទុពេញខណៈឥណ្ឌា និងមីយ៉ាន៉ម៉ាមាន ៣ ពិន្ទុគ្នាក្រោយឈ្នះមួយចាញ់មួយដូចគ្នា។

ងាកមកក្រុមការពារមេដាយមាសកូរ៉េខាងត្បូង ក៏រកបានជ័យជំនះលើកទី ២ របស់ខ្លួនដែរដោយប្រកួតទី ២ នេះយកឈ្នះថៃ ៤-០។
ស្រដៀងនឹងការប្រកួតរបស់ចិនដែរ ៣ គ្រាប់កើតឡើងនៅក្នុងវគ្គទី ១ ធ្វើបានដោយ Hong Hyunseok នាទីទី ១៥ An Jeajun នាទីទី ២០ Um Wonsang នាទីទី ៣៩ និងគ្រាប់ទី ៤ សម្រេចបាននៅវគ្គទី ២ ចុងម៉ោងដោយ Lee Jaeik។

កូរ៉េនៅពេលនេះឈរលើគេមាន ៦ ពិន្ទុពេញ ស៊ុតបញ្ចូលទី ១៣ គ្រាប់មិនរបូតគ្រាប់បាល់ឡើយ ខណៈបារ៉ែនមាន ២ ពិន្ទុ ថៃ ១ ពិន្ទុ និង គុយវ៉ែត ០ ពិន្ទុ។

ចំណែកឯកូរ៉េខាងជើងក៏បន្តធ្វើបានល្អដែរ ក្នុងការវិលត្រលប់របស់ក្រុមបាល់ទាត់ជម្រើសជាតិលើឆាកអន្តរជាតិ ក្រោយយកឈ្នះគីជីស្ថាន ១-០។
គ្រាប់បាល់ជ័យជំនះរបស់កូរ៉េខាងជើងសម្រេចបាននៅនាទីទី ២០ ដោយ Kim Kukjin គ្រប់គ្រាន់សម្រាប់ជ័យជំនះឈរលើគេក្នុងពូល F មាន ៦ ពិន្ទុ តាមពីក្រោយដោយឥណ្ឌូនេស៊ី និងឆាយនីសតៃប៉ិមាន ៣ ពិន្ទុដូចគ្នា។
ក្រឡេកមកពូល B ក្រុមបាល់ទាត់អ៊ីរ៉ង់រកបានជ័យជំនះដំបូងរបស់ខ្លួននៅក្នុងពូលក្រោយយកឈ្នះវៀតណាម ៤-០ ដើម្បីឡើងមកឈរលើគេក្នុងពូលមាន ៤ ពិន្ទុស្មើគ្នានឹងអារ៉ាប៊ីសាអ៊ូឌីត ដែលយកឈ្នះម៉ុងហ្គោលី ៣-០ ខណៈវៀតណាមឈរលេខ ៣ មាន ៣ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ