ភ្នំពេញ៖ ក្រសួងបរិស្ថាន និងឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង បានប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះនៅក្នុងប្រទេសកម្ពុជា។
ប្រទេសទាំងពីរបានប្រកាសជំហរបែបនេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំងប្រទេសបារាំង និងកម្ពុជា។ ឯកឧត្តមបន្តថា ការផ្តោតលើការស្វែងរកមូលដ្ឋានរួមនិងធ្វើការសហការគ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់កម្ពុជា យ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់ទៅនឹងសកលទាំងអស់គ្នា។
ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹងសំណល់រឹង ជាអាទិភាពទីមួយហើយបញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញនូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក របស់សិស្សានុសិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះជាក់ស្តែងផងដែរ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន ជាជំហ៊ានៗបន្តទៀត។ ជាលទ្ធផលខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមនេះរួចហើយ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១០ ម៉ឺននាក់ផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតលើកឡើងអំពីផែនការរបស់លោកប្រធានាធិបតី Macron ដើម្បីធ្វើសន្និសីទនៅទីក្រុង Nice ក្នុងឆ្នាំ ២០២៥ ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែលជាគំនិតនៃការបង្កើត «ស្ថានទូតគ្មានដបប្លាស្ទិក»។ បន្ទាប់មកទៀតឯកឧត្តម ក៏បានចែករំលែកព័ត៌មាន ទាក់ទងនឹងគម្រោងរបស់បារាំង ដើម្បីសាងសង់រោងចក្រកែច្នៃឡើងវិញនៅរាជធានីភ្នំពេញផងដែរ។
ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកជម្រើសថង់ប្លាស្ទីក ដែលមានមូលដ្ឋានលើដំឡូងមី សារៈសំខាន់នៃការបង្ការ ជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើងវិញត្រូវបានលើកឡើង រួមជាមួយនឹងការផ្តល់ឱ្យដើមឈើ ដោយមានគោលដៅសម្រេចបាននូវការកាត់បន្ថយការបំភាយកាបូនមុនឆ្នាំ ២០៥០។
ជាកិច្ចប្រជុំបានបញ្ចប់ភាគីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការបន្តទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះ៕




