ក្រុមហង្សក្រហម Liverpool មិនមានវត្តមាននៅក្របខណ្ឌកំពូលអឺរ៉ុប Champions League ឡើយ បានត្រឹមលេងនៅក្របខណ្ឌទី ២ Europa League ខណៈការចាប់ផ្តើមយប់មិញយកឈ្នះនៅទឹកដីអូទ្រីស LASK Linz ៣-១។
ក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនដោយខ្សែបម្រើ Florian Flecker នៅនាទីទី ១៤។

អ្នកចាត់ការ Liverpool លោក Jurgen Klopp បានផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងរបស់ក្រុមទាំងអស់តែម្តងបើប្រៀបធៀបនឹង ១១ នាក់ពេលឈ្នះនៅទឹកដី Wolves ចុងសប្តាហ៍កន្លងទៅ។
ជម្រើស ១១ នេះមិនល្អទេសម្រាប់ Liverpool នៅវគ្គទី ១ តែមិនថ្វីទេ Liverpool នៅតែអាចវាយបកយកឈ្នះការប្រកួតនេះបាននៅវគ្គទី ២ ដោយគ្រាប់បាល់តាមស្មើរបស់ Darwin Nunez ពីស៊ុតបាល់ពិន័យ ១១ ម៉ែត្រ មុនពេលដែល Luis Diaz ស៊ុតនាំមុខនៅនាទីទី ៦៣ ខណៈកីឡាករបម្រុង Mohamed Salah បន្ថែមគ្រាប់ចុងក្រោយនៅនាទីទី ៨៨។

ងាកទៅលទ្ធផលផ្សេងទៀត ក្រុមញញួរធំ West Ham ក៏រកបានបីពិន្ទុផងដែរក្នុងទឹកដីរបស់ខ្លួនក្រោយយកឈ្នះ ក្រុមភ្ញៀវស៊ែប Backa Topola ៣-១ តែ Brighton បង្ហាញខ្លួននៅអឺរ៉ុបលើកដំបូងបែជាចាញ់ក្រុមភ្ញៀវក្រិក AEK Athens ២-៣ ក្នុងដីខ្លួនឯង៕ អត្ថបទ៖នាង សុភាវុធ
