ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការប៉ាន់ស្មានតួលេខប្រជាពលរដ្ឋ អញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ មានចំនួនជាង ២៨ម៉ឺននាក់។
នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ, ការចុះឈ្មោះបោះឆ្នោត, ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ, ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ក្រោមអធិបតិភាពឯកឧត្តម ឌឹក សុវណ្ណារុំ សមាជិក គ.ជ.ប។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ការទទួលខុសត្រូវចំពោះមុខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើឡើងស្របទៅតាមច្បាប់រៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ននេះ គ.ជ.ប កំពុងផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះប្រចាំឆ្នាំ។ ឯកឧត្តម បន្តថា គោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ ដើម្បីឲ្យភាគីពាក់ព័ន្ធក្រសួង-ស្ថាប័នត្រៀមលក្ខណៈបង្ករភាពងាយស្រួលដល់ដំណើរការសម្រាប់ការងារសន្តិសុខនៅអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ឯកឧត្តម បញ្ជាក់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំគឺធានាយ៉ាងណាឲ្យការរៀបចំបញ្ជីនេះមានសុពលភាព និងភាពត្រឹមត្រូវសម្រាប់ការបោះឆ្នោត ខណៈ គ.ជ.ប បានប៉ាន់ស្មានប្រជាពលរដ្ឋនឹងអញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំនេះចំនួនជាង២៨ម៉ឺននាក់។
ជាមួយគ្នា ដើម្បីជំរុញប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ឯកឧត្តម ថ្លែងថា គ.ជ.ប បានប្រើគ្រប់មធ្យោបាយ និងគ្រប់រូបភាព ដូចជាការផ្សព្វផ្សាយតាមបណ្ដាញសង្គម បណ្ដាញសារព័ត៌មានជាតិនានា អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយក្នុងការចូលរួមចំណែកបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ រួមទាំងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដូចបានកំណត់ក្នុងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។





