ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប ដែលពិភាក្សាទៅលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។
ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅរសៀលថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣នេះថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវថា ក្រសួងនឹងជួយជ្រោមជ្រែងឱ្យលទ្ធភាព ផ្តល់ការគាំទ្រ និងពិនិត្យតាមដាន វាយតម្លៃឱ្យបានត្រឹមត្រូវ តាមយន្តការទីផ្សារ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងអំពីតម្លៃអគ្គិសនីសម្រាប់កសិកម្មទាប ដែលនេះជាការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលមកលើវិស័យកសិកម្ម និងសញ្ញាល្អសម្រាប់ការវិនិយោគ។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីតម្រូវការទីផ្សារ ស្តង់ដា តម្លៃ និងបែបបទនានាឱ្យមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងធ្វើការសហការជាមួយវិស័យឯកជន ដើម្បីប្រមូលទិញ ផលិត និងកែច្នៃ សម្រាប់នាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន៕






