អតីតខ្សែប្រយុទ្ធអ៊ីតាលី Vincenzo Montella ត្រូវបានប្រកាសតែងតាំងឱ្យដឹកនាំក្រុមជម្រើសជាតិទួកគីនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Stefan Kuntz។
លោក Stefan Kuntz ត្រូវបានសហព័ន្ធបាល់ទាត់ទួកគីបញ្ចប់តំណែងក្រោយទទួលរងការរិះគន់ខ្លាំងពីបរាជ័យក្រោមថ្វីជើងជប៉ុន ៤-២ លក្ខណៈមិត្តភាព។

ទួកគីក្លាយជាក្រុមជម្រើសជាតិទី ២ ដែលដកតំណែងគ្រូបង្វឹកក្រោយចាញ់ជប៉ុន បន្ទាប់ពីអាល្លឺម៉ង់ក៏បានដកតំណែងគ្រូបង្វឹក Hansi Flick ដែរក្រោយចាញ់ជប៉ុន ៤-១ ក្នុងជំនួបមិត្តភាពកាលពីសប្តាហ៍មុន។

ចំណែកឯលោក Vincenzo Montella បច្ចុប្បន្នវ័យ ៤៩ ឆ្នាំ ធ្លាប់ចំណាយពេលដឹកនាំក្លិបអាជីពនៅទឹកដីទួកគីផងដែរគឺដឹកនាំក្រុម Adana Demirspor រយៈពេល ២ ឆ្នាំ មុនពេលចែកផ្លូវគ្នាកាលពីខែមិថុនាកន្លងទៅ។
លោក Montella ក៏ធ្លាប់ដឹកក្លិបធំៗនៅអ៊ីតាលីផងដែររួមមាន AC Milan និង Fiorentina ក៏ដូចជាធ្លាប់ដឹកនាំក្លិបអេស្ប៉ាញ Sevilla។
មកដល់ទឹកដីទួកគីនេះ Montella បានចុះហត្ថលេខាងដឹកនាំក្រុមជម្រើសជាតិ ៣ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ
