កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal ឈ្នះជើងឯក Grand Slam ចុងក្រោយបំផុតនៅ French Open កាលពីឆ្នាំ ២០២២ តែកីឡាករស៊ែប Novak Djokovic តាំងពីពេលនោះមកបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងតាមស្មើកំណត់ត្រា Margaret Court ដែលឈ្នះជើងឯក Grand Slam ច្រើនបំផុតសរុប ២៤ លើក។
ភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា Novak Djokovic ជាកីឡាករវាយកូនបាល់ឆ្នើមបំផុតក្នុងប្រវត្តិសាស្រ្ត នេះជាការលើកឡើងរបស់ Rafael Nadal ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន AS។
Rafael Nadal បានរងរបួសមួយរយៈចុងក្រោយនេះដែលធ្វើឱ្យគេអវត្តមានពីការប្រកួតសំខាន់ៗជាច្រើន។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះឈ្នះពាន Grand Slam សរុប ២២ លើក តែការរាប់បន្ថែមពីការឈ្នះ Grand Slam នៅពេលខាងមុខទៀតហាក់ពិបាកនិយាយ បន្ទាប់ពីរបួសមួយរយៈចុងក្រោយ ធ្វើឱ្យកាយសម្បទារកាន់តែធ្លាក់ចុះស្របពេលវ័យកាន់តែច្រើន។
រំលឹកថា Rafael Nadal ធ្លាប់បានប្រកាសគំរោងចូលនិវត្តន៍ពីអាជីពកីឡាវាយកូនបាល់ផងដែរនៅឆ្នាំ២០២៤ ខាងមុខ ខណៈសំរេចចិត្តនេះ មិនមែនជាការសំរេចដោយឯកឯងទេ តែរាងកាយរបស់គេគឺជាអ្នកកំណត់។
Nadal បានបន្ថែមថាឆ្នាំ ២០២៤ ខាងមុខប្រហែលជាដល់ទីបញ្ចប់ហើយ នៃអាជីពវាយកូនបាល់ហើយ តែរូបគេនឹងព្យាយាមថែទាំងរាងកាយដើម្បីបន្តអាជីពទៅមុខទៀតបាន៕ អត្ថបទ៖នាង សុភាវុធ
