កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន១២ ភូមិ ប្រមាណ៦៦០គ្រួសារ កំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈផ្លូវនិងសាលារៀនមួយចំនួនទៀត ក៏កំពុងរងផលកំរាមកំហែងពីទឹកជំនន់ផងដែរ។
នៅថ្ងៃទី២១ ខែកញ្ញា ម្សិលម៉ិញនេះ, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះពិនិត្យ ស្ថានភាពទឹកស្ទឹងស្ទោង ផលប៉ះហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងបេសកម្មនេះ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ស្ថានភាពទឹកស្ទោងស្ទោងនៅថ្ងៃទី២១ ខែកញ្ញា មានកំពស់៥.៥០ម៉ែត្រ ប្រៀបធៀប និងម្សិលមិញស្ថានភាពទឹកនឹង កំពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន៥.៨០ម៉ែត្រ។
ឯកឧត្តមបន្តថា បើទោះបីជាកំពស់ទឹកស្ទឹងស្ទោង មិនទាន់ឈានដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្នក្តី ប៉ុន្តែបរិមាណទឹកនៅតាមបណ្តាទីកន្លែងទំនៀបនៅក្នុងភូមិសាស្រ្តស្រុក ហាក់ដូចជាមានសភាពធំធេង ដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋនៅ្រស្រុកស្ទោងចំនួន៤ ឃុំ លើ១២ភូមិ ដែលមានគ្រួសារសរុបចំនួន ៦៦០គ្រួសារ កំពុងរងផលប៉ះពាល់ និងមានសាលារៀនចំនួន៧សាលា ផ្លូវគ្រួសក្រហម ចំនួន ១.៦១៨ម៉ែត្រ ផ្លូវដីសប្រវែង១.៤៧០ម៉ែត្រ ព្រមទាំងដំណាំស្រូវសរុប ៥.០៣៥ហិកតា ក៏កំពុងទទួលឥទ្ធិពលផងដែរ។ ការលិចលង់នេះ មិនទាន់អាចសន្និដ្ឋានបានថា ការខូចកម្រិតណានោះទេ ព្រោះនេះជាជំនន់ភ្លៀងភាគច្រើន ហើយទឹកនឹងស្រកទៅវិញ នៅផ្នែកខ្លះប្រសិនបើ មិនមានភ្លៀងធ្លាក់ចុះបន្ថែមទៀត។
ឯកឧត្តម ងួន រតនៈ ជំរុញដល់អាជ្ញាធរស្រុក ត្រូវតាមដាននូវស្ថានភាពកម្ពស់ទឹក ស្រង់ទិន្នន័យខ្នងផ្ទះ បន្ថែមទៀត រាយការណ៍មកថ្នាក់លើ ដើម្បីរៀបចំជំនួយ និងអំណោយជូនដល់គ្រួសារដែលរងផលប៉ះពាល់ ជាពិសេសត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់លើមធ្យោបាយសង្គ្រោះ និងទីលួសសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋស្នាក់នៅបណ្តុះអាសន្ន ក្នុងនោះផ្សព្វផ្សាពីអនាម័យការពារកុំឲ្យមានជំងឺឆ្លងកើតឡើងផងដែរ។
ឯកឧត្តម អភិបាលខេត្ត ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិចឬខាំ។
ប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម ម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ ដើម្បីសង្គ្រោះបឋម ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ៕








