នាយឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអបអរសាទរចំពោះលទ្ធផល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នូវលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ដោយលំហាត់ហ្វឹកហ្វឺននេះកងទ័ពនៃបណ្តាប្រទេសទាំង អស់ដែលបានចូលរួម គឺទទួលបទពិសោធន៍គ្នាកាន់តែខ្លាំងទៅវិញទៅមកលើការបោសសំអាតមីនមនុស្សធម៌។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិរួមគ្នាជាមួយសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្តនាពេលនេះ គឺដើម្បីផ្សព្វផ្សាយសន្តិភាពតំបន់ និងការអភិវឌ្ឍន៍មានចីរភាព ដែលបានបង្ហាញថាទោះបីពណ៌សម្បូរ ជាតិសាសន៍ខុសគ្នា ប៉ុន្តែក្នុងគោលបំណងតែមួយ គឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព។

សូមបញ្ជាក់ថា លំហាត់ខាងលើនេះ មានកងទ័ពមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ ចំនួន១៤ មកពីទ្វីបទាំង៤ “ អាស៊ី អ៊ឺរ៉ុប អាមេរិក អូសេអានី” ក្នុងនោះមានប្រទេសអូស្ត្រាលី ប៊្រុយណេដារូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋហ្វីលីពីន សហព័ន្ធរុស្សី សាធារណរដ្ឋសិង្ហបុរី សហរដ្ឋអាមេរិក និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានសិក្ខាកាមទាំងអស់ ចំនួនជាង ៥០០នាក់ ។

យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមទៀតថា លំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ក្រោមប្រធានបទ«មាតុភូមិដ៏បវរឆ្នាំ២០២៣» រយៈពេល១០ថ្ងៃនេះ ត្រូវបានឈានដល់ការបិទបញ្ចប់ដោយរលូនជាស្ថាពរនិងប្រកបដោយផ្លែផ្កា។ លំហាត់ហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាស៊ាន និងប្រទេសដៃគូ សំដៅដោះស្រាយនូវរាល់បញ្ហាមីន កាកសំណល់សង្គ្រាម និងបច្ច័យអវិជ្ជមាននានា ដើម្បីផ្តល់សុវត្ថិភាព សុខុមាលភាព និងចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ដោយយក “ប្រជាជនជាស្នូល”។

សូមរំលឹកថា រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានអនុម័តក្រុមការងារជំនាញលំហាត់ហ្វឹកហ្វឺនជាក់ស្តែង មានគោលបំណងចំនួន៥ដើម្បី ១.បង្កើនការយល់ដឹងអំពីការគំរាមកំហែង បញ្ហាប្រឈម និងទំនួលខុសត្រូវរបស់ប្រជាជាតិនីមួយៗ និងសហគមន៍អន្តរជាតិ ២.បង្កើនសមត្ថភាពរបស់ប្រទេសដែលរងផលប៉ះពាល់ក្នុងការដោះស្រាយជាមួយសំណល់សង្គ្រាម ៣.លើកទឹកចិត្តដល់រដ្ឋសមាជិកអាស៊ានបូក ប្រទេស និងសហគមន៍អន្តរជាតិ ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយប្រទេសរងគ្រោះ ៤.អភិវឌ្ឍដំណោះស្រាយសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើម ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយវិនាសកម្មដោយសារមីន និង ៥.បង្កើតយន្តការសមស្របសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមវិស័យការពារជាតិ កងកម្លាំងយោធានៃប្រទេស ADMM-Plus និងសម្រាប់ការសម្របសម្រួលយោធា និងក្រុមជនស៊ីវិល ក្នុងការយកឈ្នះលើផលវិបាកនៃសំណល់សង្គ្រាម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈយុទ្ធនាការ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” ព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ជូនប្រជាពលរដ្ឋកម្ពុជាផងដែរ៕ អត្ថបទ បាន ចក់


