ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បានឈានដល់សប្តាហ៍ទី ៧ នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ទស្សនាការប្រកួតដំបូងនេះ ក្រុមចំណាយលុយច្រើន Al-Ittihad មិនភ្លាត់បីពិន្ទុឡើយនៅក្នុងទឹកដីរបស់ខ្លួនទោះមិនមានវត្តមានខ្សែប្រយុទ្ធបារាំង Karim Benzema ក៏ដោយ តែពួកគេត្រូវតាមពីក្រោយបន្ទាប់ពីក្រុមភ្ញៀវ Al Fateh នាំមុខមុននៅនាទីទី ៣០ ដោយ Marwane Saadane។
មុនផុតវគ្គទី ១ ឡើយ Al-Ittihad វាយបករកបានពីរគ្រាប់វិញដោយបាល់បញ្ជូលរបស់ N’Golo Kante ឱ្យ Romarinho តាមស្មើវិញនៅនាទីទី ៣៨ មុនពេលដែល N’Golo Kante ខ្លួនឯងស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី ៤៥+១ ចុងវគ្គទី ១។
បីពិន្ទុនេះធ្វើឱ្យ Al-Ittihad ត្រលប់មកឈរកំពូលតារាងវិញមាន ១៨ ពិន្ទុទំលាក់ Al-Hilal ទៅលេខ ២ វិញ។

Al-Hilal ដែលមានវត្តមាន Neymar ចូលលេងការប្រកួតយប់មិញដែរនោះ មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Damac បានឡើយ ខណៈការប្រកួតបញ្ចប់ដោយលទ្ធផល ១-១។
ទោះបីជារកបានគ្រាប់នាំមុខដោយ Malcom តាំងពីនាទីទី ៩ ក៏ដោយ Al-Hilal មិនអាចរក្សាគ្រាប់ជ័យជំនះរបស់ខ្លួនបានឡើយ ខណៈក្រុមម្ចាស់ផ្ទះ Damac តាមស្មើវិញបានសំរេចនៅនាទីទី ៦៨ ដោយ Nicolae Stanciu។
មកទស្សនាគូចុងក្រោយនេះវិញ ក្រុមដែលដឹកនាំដោយ Steven Gerrard, Al-Ettifaq រកបានបីពិន្ទុប្រផិតប្រផើយក្រោយយកឈ្នះក្រុមភ្ញៀវ Al-Ta’ee ៤-៣។
ជាការប្រកួតដ៏ស្វិស្វាយរវាងក្រុមទាំងពីរដោយវគ្គទី ១ បញ្ចប់ដោយស្មើគ្នា ២-២ ខណៈពីរគ្រាប់របស់ Al-Ettifaq រកបានដោយ Wijnaldum និង Moussa Dembele ឯ Al-Ta’ee រកបានដោយ Bernard Mensah ទាំងពីរគ្រាប់។
វគ្គទី ២ Bernard Mensah រកបានគ្រាប់ទី ៣ របស់ខ្លួនតែមិនអាចយកពិន្ទុបានឡើយក្រោយ Al-Ettifaq តាមពីក្រោយយកឈ្នះវិញដោយគ្រាប់បាល់របស់ Wijnaldum និង Moussa Dembele ម្នាក់មួយគ្រាប់ទៀត។
បីពិន្ទុនេះធ្វើឱ្យ Al-Ettifaq បន្តឈរលេខ ៤ មាន ១៦ ពិន្ទុ ខណៈ Al-Ta’ee ឈរលេខ ១០ មានត្រឹម ៧ ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ
