ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង-ស្ថាប័ន ដើម្បីប្រមូលធាតុចូលលើជំពូកស្តីពីបរិស្ថាននៅក្នុងសេចក្តីព្រាងឯកសារក្របខណ្ឌសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃសុក្រ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តក្រសួង-ស្ថាប័ន ដើម្បីប្រមូលធាតុចូលលើជំពូកស្តីពីបរិស្ថាននៅក្នុងសេចក្តីព្រាងឯកសារក្របខណ្ឌសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះត្រូវបាន ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា បញ្ហាបរិស្ថានគឺជាការទូតបៃតង ដែលកម្ពុជាតែងតែយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យកម្ពុជាអាចអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះ អង្គប្រជុំបានផ្តល់ឱកាសឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានចូលរួម ផ្តល់ធាតុចូលដើម្បីបង្កើតបានជាជំហររបស់កម្ពុជា សម្រាប់ឆ្លើយតបទៅកាន់លេខាធិការអាស៊ានវិញ។
ជាមួយគ្នានោះ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបអង្គប្រជុំអំពីសាវ តានៃការគ្រោងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាដាណា ព្រមទាំងបានជម្រាបជូននូវជម្រើសមួយចំនួនដែលជាជំហរសម្រាប់អង្គប្រជុំពិចារណា ក្នុងការរៀបចំធាតុចូលសម្រាប់ស្វែងរកជំហររួមអាស៊ាន ដើម្បីឆ្លើយតបទៅភាគីកាណាដាវិញផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដែលចូលរួមផ្តល់ធាតុចូល និងប្ដេជ្ញាសហការគ្នា ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មថា្នក់តំបន់ជាមួយកាណាដា ក៏ដូចជាបណ្តាប្រទេសដៃគូអាស៊ានផ្សេងទៀត។
របាយការណ៍ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានតម្លៃសរុប ៨០០ លានដុល្លារ ធ្លាក់ចុះ ១៦ ភាគរយធៀបនឹងឆ្នាំ ២០១៩ ក្នុងនោះ ការនាំទំនិញពីកម្ពុជាមានតម្លៃ ៧៤៥ លានដុល្លារ ធ្លាក់ចុះ ១១ភាគរយ និងការនាំចូលទំនិញពីកាណាដាមានតម្លៃ ៥៥ លានដុល្លារ ធ្លាក់ចុះ ៥៤ ភាគរយ៕
អត្ថបទ ៖ វណ្ណៈ