កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michelបានថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយលោកនិយាយថា អព្ភូតហេតុសម្រាប់ការងារលំបាករបស់ពិភពលោក នឹងមិនអាចកើតឡើងបាននោះទេ បើសិនជាគ្មានការផ្តល់ហិរញ្ញប្បទានចាំបាច់ និងទ្រង់ទ្រាយធំ ។

លោក Michel បានចាត់ទុកផងដែរថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20ខូចមុខងារ ហើយនិងបានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ពួកគេលើអ៊ុយក្រែន ។
ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា សង្រ្គាមនៅអ៊ុយក្រែន មិនមែនមានន័យថា ភ្លេចជម្លោះផ្សេងទៀត នោះទេ រួមទាំងបម្រែបម្រួលអាកាសធាតុ និងភាពក្រីក្រ ដោយលោកបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទាន គឺត្រូវការដើម្បីលើកឡើងពីបញ្ហាទាំងអស់នេះ ។
លោកថា វាគឺជាផលប្រយោជន៍របស់អ្នករាល់គ្នា ក្នុងការពង្រឹងសមត្ថភាពប្រទេសកំពុងអភិវឌ្ឍ និងប្តេជ្ញាចិត្តចំពោះអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ខាងមុខ ។ ពួកយើងយល់ឃើញថា ១ភាគ៤នៃការវិនិយោគទុនវិស័យឯកជននៅលើពិភពលោក បានកើតឡើងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយមានតែក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20ទេដែលទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន ៨០ភាគរយរបស់ពិភពលោក ។

លោកបន្តថា នៅឆ្នាំនេះ សហគមន៍អន្តរជាតិគួរតែបំពេញការសន្យារបស់ខ្លួនដែលបង្កើតឡើងកាលពីរយៈពេលជាច្រើនឆ្នាំមុន ពោលគឺជាប្រាក់ ១០០ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានលើវិធានការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ ។
សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានកំណត់ធ្វើឡើងរហូតដល់ថ្ងៃទី ២៦ ខែកញ្ញាខាងមុខ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ៕