មេដឹកនាំកងទ័ពគាំទ្ររហ័ស(RSF)លោក Mohamed Hamdan Dagalo បាននិយាយនៅក្នុងការបង្ហាញខ្លួនដ៏កម្រក្នុងវីដេអូកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់លោកបានត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់ ហើយនិងចូលរួមកិច្ចពិភាក្សានយោបាយទូលំទូលាយដើម្បីបញ្ចប់ជម្លោះស៊ីវិលមួយនេះ ជាមួយកងទ័ពស៊ូដង់ ។

លោក Dagalo បានផ្តល់សេចក្តីអធិប្បាយបែបនេះ នៅក្នុងសារវីដេអូថតទុកថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយនិងត្រូវបានបញ្ចេញដោយកងកម្លាំអ RSFភ្លាមៗ មុនពេលមេដឹកនាំកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan គ្រោងនឹងថ្លែងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតមួយនេះ ដែលធ្វើឡើងនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ។
ភាគច្រើននៃការទំនាក់ទំនងកាលពីពេលថ្មីៗរបស់លោក Hemedti គឺជាសារសំឡេង ហើយទីកន្លែងដែលលោកស្នាក់នៅ គ្រាន់តែជាប្រភពនៃការព្យាករណ៍ប៉ុណ្ណោះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF កាលពីពាក់កណ្តាលខែមេសា ។

នៅក្នុងសារវីដេអូដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ លោកស្លៀកពាក់ឯកសណ្ឋានយោធា អង្គុយពីក្រោយតុ ជាមួយនឹងទង់ជាតិស៊ូដង់ នៅពីក្រោយលោក ស្របពេលដែលលោកអានសុន្ទរកថា ។ ទីតាំងរបស់លោក ពុំត្រូវបានគេដឹងច្បាស់នោះទេ ។
ដោយឡែក មេដឹកនាំកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan បានថ្លែងនៅអង្គការសហប្រជាជាតិ ដោយលោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់ទុកកងកម្លាំង RSFថាជាអង្គការភេរវកម្ម ហើយនិងប្រឆាំងនឹងក្រុមអ្នកឧបត្ថម្ភពួកគេនៅក្រៅព្រំដែនស៊ូដង់ ៕