ប៉ាឡេស្ទីន ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយប្រាប់មហាសន្និបាតអង្គការសហប្រជាតិកាលពីថ្ងៃព្រហស្បតិ៍ថា សន្តិភាពនៅតំបន់មជ្ឈិមបូព៌ា នឹងមិនអាចសម្រេចបាននោះទេ រហូតទាល់តែជនប៉ាឡេស្ទីន ត្រូវបានគេ ផ្តល់សិទ្ធិពេញលេញរបស់ខ្លួន ។
លោកបានថ្លែងបែបនេះ ពេលដែលសហរដ្ឋអាមេរិក ធ្វើឲ្យមានការរីកចម្រើនក្នុងការរៀបចំឲ្យមានកិច្ចព្រមព្រៀងវិលត្រឡប់មករកភាពធម្មតាវិញទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ។
លោក Abbas និយាយថា អ្នកណាក៏ដោយឲ្យតែគិតថាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាអាចទៅរួច មុនពេលប្រជាជនរបស់ពួកយើងសម្រេចបានសិទ្ធិពេញលេញរបស់ខ្លួននោះ គឺពួកគេគិតខុសហើយ ។
ការធ្វើឲ្យវិលត្រឡប់មករកភាពធម្មតាវិញទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត នឹងធ្វើឲ្យស្ថានភាពល្អប្រសើរច្រើននៅតំបន់មជ្ឈិមបូព៌ា តាមរយៈធ្វើឲ្យប្រទេសដៃគូសហរដ្ឋអាមេរិក និងសត្រូវជាយូរទាំង ២នេះ រួបរួមគ្នាវិញ ។
កិច្ចប្រជុំលើការធ្វើឲ្យវិលត្រឡប់មករកភាពធម្មតាវិញ គឺជាចំណុចកណ្តាលនៃកិច្ចចរចាដ៏ស្មុគស្មាញ រួមទាំងការពិភាក្សាលើការធានាសន្តិសុខសហរដ្ឋអាមេរិក និងការជួយនុយក្លេអ៊ែរស៊ីវិលដែលទីក្រុងរីយាដស្វែងរក ក៏ដូចជាលទ្ធភាពដែលអ៊ីស្រាអែល ផ្តល់សម្បទានដល់ប៉ាឡេស្ទីន ។
ការអំពាវនាវរបស់សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតឲ្យប៉ាឡេស្ទីនរួមចំណែកក្រោមកិច្ចព្រមព្រៀងណាមួយនោះ ទំនងជានឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu មិនពេញចិត្តនោះឡើយ ។
លោក Netanyahu បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenកាលពីថ្ងៃពុធ នៅក្រៅជំនួបមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំនៅបុរីញូវយ៉ក ។
លោក Abbas បានអំពាវនាវផងដែរឲ្យអង្គការសហប្រជាជាតិ(UN)កោះប្រជុំមួយ ដើម្បីព្យាយាមស្រោចស្រង់កិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងអ៊ីសា្រអែល និងប៉ាឡេស្ទីន ដែលបានដួលរលំកាលពីឆ្នាំ ២០១៤ ៕

