អាមេរិក ៖ អគ្គលេខាធិការអង្គកាណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការរបស់លោកបានព្យាយាមឲ្យរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំការទូតមុនពេលរុស្ស៊ី វាយលុកអ៊ុយក្រែនកាលពីឆ្នាំ ២០២១ ។
លោកនិយាយថា នៅខែធ្នូ ឆ្នាំ ២០២១ ឬប្រហែលជា២-៣ខែមុនការវាយលុក ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញនូវអ្វីដែលលោកហៅថាជា “សន្ធិសញ្ញាសន្តិសុខ” គាត់ចង់ឲ្យសហរដ្ឋអាមេរិក និងអង្គការណាតូ ចុះហត្ថលេខាលើឯកសារ ដែលត្រូវបានបញ្ជូនមកកាន់ទីក្រុងព្រុចសែល និងទីក្រុងវ៉ាស៊ីងតោន ។
លោក Stoltenberg បន្តថា មាននូវការទាមទារជាច្រើន ។ ពួកគេទាមទារថា ពួកយើងគួរតែដកចេញហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់អង្គការណាតូ ចេញពីតំបន់ភាគខាងកើតរបស់សម្ព័ន្ធមិត្ត ។ ពួកគេទាមទារឲ្យមានតំបន់ទ្រនាប់មួយចំនួន ពិសេសនៅតំបន់បាល់ទិក ដែលនេះមានន័យថា ភាគច្រើននៃប្រទេសក្នុងតំបន់បាល់ទិក មិនអាចការពារបាននោះទេដោយកងកម្លាំងណាតូ ហើយពួកគេទាមទារដាក់ឱសានវាទសម្រាប់ការមិនវាយលុកអ៊ុយក្រែន ទាមទារថាអង្គការណាតូ គួរធានាថា មិនឲ្យនមានការពង្រីកខ្លួនបន្ថែមទៀតនោះទេ ។
លោកនិយាយទៀតថា វាមិនអាចទៅរួចនោះទេ ពួកយើងបានអញ្ជើញរុស្ស៊ី ឲ្យចូលរួមតុចរចា ។ ពួកយើងនិយាយថា វាមិនអាចទៅរួចនោះទេក្នុងការឲ្យពួកយើងទទួលយកឱសានវាទបែបនេះ ប៉ុន្តែពួកយើងបានបង្កើតកិច្ចខិតខំពិតប្រាកដមួយ ដើម្បីពិនិត្យមើលថា វាអាចទៅរួចឬទេ ក្នុងការអង្គុយតុចរចា ហើយនិងស្វែងដំណោះស្រាយការទូត ចំពោះវិបត្តិមួយនេះ ។
នៅក្នុងបទសម្ភាស៍ជាមួយក្រុមប្រឹក្សាទំនាក់ទំនងបរទេសនៅបុរីញូវយ៉ក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ លោក Stoltenberg និយាយថា ការវាយលុកនេះ គឺជាផ្នែកមួយនៃគំរូដែលរួមទាំងសកម្មភាពយោធារបស់រុស្ស៊ីនៅតំបន់ Donbas និងឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ។
លោកនិយាយថា ពេលដែលសង្រ្គាមមួយនេះ បញ្ចប់តាមវិធីសាស្រ្តមួយ ឬវិធីសាស្រ្តមួយទៀត នៅក្នុងពេលដ៏ខ្លីខាងមុខ ឬនៅពេលយូរ ពួកយើងត្រូវការធានាថា ប្រវត្តិសាស្រ្តមិនត្រូវដើរច្រំដែលនោះទេ ដោយសារតែពួកយើងត្រូវចងចាំថា នេះគឺជាគំរូសកម្មភាពរុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ វាគឺជាផលប្រយោជន៍សន្តិសុខរបស់ពួកយើង ដែលត្រូវធានាថា អ៊ុយក្រែនឈ្នះសង្រ្គាម ក្នុងនាមជាប្រទេសអធិបតេយ្យភាព និងឯករាជ្យជាតិ ៕

