កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសថា ប្រជាពលរដ្ឋ ៤២នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលសុទ្ធតែករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើពលរដ្ឋ ២១នាក់នៅស្រុកជើងព្រៃ បន្ទាប់មកស្រុកព្រៃឈររកឃើញ ១០នាក់។
នៅឯស្រុកកំពង់សៀម រដ្ឋបាលខេត្តនេះបញ្ជាក់ថា បានរកឃើញពលរដ្ឋ ៤នាក់ទៀតឆ្លងមេរោគកូវីដ-១៩នេះ ហើយស្រុកបាធាយក៏បានរកឃើញ ២នាក់បន្ថែមទៀតផងដែរ ខណៈស្រុកកងមាស និងស្រុកស្រីសន្ធរ រកឃើញករណីឆ្លងថ្មី ១នាក់នៅក្នុងស្រុកនីមួយៗ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើស្ត្រី ៣០នាក់ កុមារ ២នាក់ និងបុរស ៩នាក់។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបានរកឃើញឆ្លងកូវីដ-១៩ទាំងអស់នេះ ត្រូវបានរកឃើញនៅក្នុងចំណោមមនុស្ស ៤ ១៥១នាក់ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងករណីឆ្លងមេរោគកូវីដ-១៩។
បើតាមរដ្ឋបាលខេត្តនេះ ពលរដ្ឋទាំង ៤២នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមេគង្គកំពង់ចាម និងមណ្ឌលព្យាបាលកម្រិតស្រាលនៅក្នុងបរិវេណនៃវិទ្យាល័យព្រះសីហនុ។
រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ២៧នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលហើយ បន្ទាប់ពីត្រូវបានព្យាបាលជាសះស្បើយ។
គិតមកដល់ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ចំនួន ២៥០នាក់ហើយត្រូវបានព្យាបាលជាសះស្បើយនៅក្នុងខេត្តមួយនេះ ខណៈអ្នកជំងឺចំនួន ៦០១នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្តនៅឡើយ៕
