ស៊ូដង់ ៖ ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យផ្តល់ធនធាន ដើម្បីជួយជនភៀសខ្លួន និងមនុស្សជម្លៀសខ្លួនឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសរបស់លោក ។ លោក Kiir បានថ្លែងបែបនេះ អំឡុងសុន្ទរកថារបស់លោកនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ។
លោក Kiir និយាយថា រយៈពេលជាង ៥ខែនៃជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ប្រទេសស៊ូដង់ខាងត្បូងដែលមានព្រំដែនរួមគ្នាជាមួយស៊ូដង់ បានទទួលជនភៀសខ្លួនរាប់ម៉ឺននាក់ ។ លំហូរជនភៀសខ្លួនទាំងនេះ មានច្រើនដ៏លើសលប់ នៅតាមតំបន់សហគមន៍ព្រំដែន និងបង្កើតឲ្យមានវិបត្តិមនុស្សធម៌ ។
លោកបន្តថា ស្របពេលដែលពិភពលោកកំពុងដោះស្រាយវិបត្តិជាច្រើន ពួកយើងសូមធ្វើការអំពាវនាវឲ្យផ្តល់ការគាំទ្រប្រកបដោយចីរភាព ដល់មនុស្សជម្លៀសខ្លួនទាំងអស់នេះ ខណៈដែលពួកយើងប្រឹងប្រែងរកវិធីសាស្រ្ត ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស៊ូដង់ ។
លោក Kiir និយាយទៀតថា ពួកយើងទទួលស្គាល់ការពិតចំពោះបញ្ហានយោបាយ មនុស្សធម៌ និងការលំបាកសន្តិសុខ ដែលពួកយើងប្រឈមក្នុងនាមជាប្រទេសមួយ ចាប់តាំងពីឆ្នាំ ២០១៣រហូតមក ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងបានឆ្លងកាត់ពេលវេលាដ៏លំបាកបំផុត ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពធ្វើឲ្យមានជីវិតរស់ឡើងវិញ កាលពីឆ្នាំ ២០១៨ ៕

