ប៉ាឡេស្ទីន ៖ ប្រជាពលរដ្ឋប៉ាឡេស្ទីនរស់នៅក្នុងទីក្រុង Sebastia នៃតំបន់កាន់កាប់វ៉េសប៊ែង មានការព្រួយបារម្ភថា ពួកគេនឹងលែងបានចូលទៅកាន់បុរាណស្ថាននៅក្បែរនោះ ក្រោយរដ្ឋាភិបាលអ៊ីស្រាអែល ប្រកាសគម្រោងស្តាឡើងវិញទីតាំងបុរាណមួយនេះ ជាមួយនឹងថវិកា ៨លានដុល្លារ ។
ក្រុមអ្នកស្រុក ព្រមានថា ផែនការរបស់អ៊ីស្រាអែល អាចនឹងជំរុញរដ្ឋាភិបាលអ៊ីស្រាអែល រឹបអូសយកដីនៅជុំវិញទី នោះ ដែលជារបស់កម្មសិទ្ធិជនប៉ាឡេស្ទីន ហើយនិងគ្រប់គ្រងដោយក្រុមអាជ្ញាធរប៉ាឡេស្ទីន ។
យោងតាមគម្រោងបានឲ្យដឹងថា សំណង់អគារចាស់បាក់បែកនេះ ដែលភាគច្រើនស្ថិតនៅតំបន់ C នៃតំបន់វ៉េសប៊ែង នឹងត្រូវដាក់បញ្ចូលទៅក្នុងក្រុមអាជ្ញាធរឧទ្យាន និងធម្មជាតិអ៊ីស្រាអែល (INPA)។
ដោយឡែក យោងតាមកិច្ចព្រមព្រៀងសន្តិភាព Oslo ដីរបស់ក្រុមអាជ្ញាធរប៉ាឡេស្ទីន ត្រូវបានបែងចែកជាតំបន់ A, B និងតំបន់ C ។ តំបន់ C ដែលការតាំងលំនៅនិគមអ៊ីស្រាអែល បានរីកដុះដាលខ្លាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ និងបានធ្វើឲ្យកើតមានក្តីកង្វល់របស់ជនប៉ាឡេស្ទីនពីការជម្លៀសខ្លួននោះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីស្រាអែល ។
ក្រុមឃ្លាំមើលប្រឆាំងការតាំងលំនៅនិគម ‘Peace Now’ បានចាត់ទុកគម្រោងនេះថាជាការព្យាយាមបង្វែរទីតាំង ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរអ៊ីស្រាអែល ជាមួយនឹងថ្លៃចូលមើលសម្រាប់ភ្ញៀវទេសចរ ។
សូមបញ្ជាក់ថា ទីក្រុង Sebastia បានក្លាយជាទីតាំងប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលភាគីទាំង ២បានលើកឡើងពីអំណះអំណាងចំពោះប្រវត្តិទីតាំងមួយនេះដូចគ្នា ៕
