ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ បន្ទាប់ពីសិក្ខាកាមបានបញ្ចប់វគ្គសិក្សាខ្លីរយៈ៥ថ្ងៃដោយជោគជ័យ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយកនៃនាយកដ្ឋានកិច្ចការសាសនា បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ បានបញ្ជ្រាបបន្ថែមលើការយល់ដឹងនិងលើកតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ, ការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសម្បត្តិវត្ត ឲ្យមានតម្លាភាព និងត្រឹមត្រូវតាមផ្លូវព្រះធម៌, ការគ្រប់គ្រងដឹកនាំធនធានមនុស្សក្នុងវត្ត, បញ្ជ្រាបអំពីការកកើតលើព្រះពុទ្ធរូបទម្រង់ពុទ្ធបដិមា របៀបធ្វើពិធីពុទ្ធាភិសេក ប្រៀបធៀបពុទ្ធាភិសេក និងសាមញ្ញភិសេក, ពាក្យថាអាចារ្យ និងស្គាល់ពីអាចារ្យដែលមានមេលទ្ធិធំៗ ក្នុងសម័យបុរាណ និងស្ថានភាពអាចារ្យក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។ ប្រវត្តិគម្ពីរព្រះត្រៃបិដកនៅប្រទេសកម្ពុជា ដំណើរនៃប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា នៅកម្ពុជាតាំងពីសតវត្សទី៣មក ដែលជាការបើកទំព័រប្រវត្តិសាស្ត្រជាតិថ្មីមួយទៅកាន់សកលលោក និងការវិវត្តនៃគម្ពីរព្រះត្រៃបិដក ពីចារលើស្លឹករឹតមកសរសេរលើក្រដាសរួចបោះពុម្ពចេញផ្សាយជាសៀវភៅចំនួន ១១០ភាគ ទុកជារតនៈសម្បត្តិជាតិខ្មែរ, បញ្ជ្រាបការយល់ដឹងអំពីភាពស្របច្បាប់ នៃអាពាហ៍ពិពាហ៍ខ្មែរ រួមចំណែកជំរុញឲ្យមានការរស់នៅជានីតិសង្វាសរវាងប្ដីប្រពន្ធ លុបបំបាត់ការរួមរស់ជាអនីតិសង្វាស, ភាពខុសគ្នារវាងទម្រង់អាពាហ៍ពិពាហ៍ពីបុរាណ និងបច្ចុប្បន្ន , វិជ្ជាហោរាសាស្ត្រ, របៀបទុកដាក់សពបញ្ចុះសព បូជាសព, កំណើតនៃសីលធម៌ប្រភេទនៃសីលធម៌ភាព ថ្លៃថ្នូររបស់អាចារ្យ តួនាទីភារកិច្ចរបស់អាចារ្យក្នុងពិធីកម្មនានា គុណសម្បត្តិ និងគុណវិបត្តិរបស់អាចារ្យ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងថា តាមរយៈវគ្គសិក្សាដ៏មានតម្លៃនេះថ្វីត្បិតតែខ្លី តែអាចចាត់ទុកថាជាការបំពេញបន្ថែមលើតួនាទី អាចារ្យ អាចារ្យនី ក្រមសីលធម៌ គុណធម៌ លក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រកបដោយពុទ្ធិ ពិសេសដោះស្រាយលើវិវាទក្នុងទីអារាម និងឲ្យជ្រាបកាន់តែច្បាស់លើជំនាញចំគោលដៅច្បាស់លាស់។ ក្រោយពីសិក្សាវគ្គបណ្តុះបណ្តាលខ្លីនេះ សូមគោរពតាមបទបញ្ញតិដែលបានចែង និងអនុវត្តជាក់ស្តែងតាមទំនៀមទំលាប់ប្រពៃណីរបស់យើង។ ទន្ទឹមនឹងនោះឯកឧត្តម រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា តួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ ពោលគឺត្រូវរៀនវគ្គបណ្តុះបណ្តាលរបស់ក្រសួងធម្មការនិងសាសនា តាមក្បួនបុរាណខ្មែរ ទើបពេញលេញជាអាចារ្យខ្មែរ ព្រមទាំងមានគុណធម៌ និងសីលធម៌ខ្ពស់។ ក្រសួង និងព្យាយាមបង្កើតនៅវគ្គសិក្សាខ្លីៗបន្ថែម ដើម្បីបំពេញនៅការយល់ដឹងឲ្យសមស្របតាមប្រពៃណីខ្មែរដល់ព្រះសង្ឃ អាចារ្យ អាចារ្យនី សីលវន្ត សីលវន្តី សម្រាប់ជាទុនបន្ថែមនៃចំណេះដឹងផ្នែកព្រះពុទ្ធសាសនា។
សូមបញ្ជាក់ផងដែរថា ក្នុងវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាម២០៧អង្គ/នាក់ចូលរួម ក្នុងនោះមានអាចារ្យកាន់ពេលាការ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ១៧អង្គ និងស្រី្ត១០រូប ក្រោមការចង្អុលបង្ហាញពីសំណាក់គ្រូឧទ្ទេសសាចារ្យ ចំនួន១១រូប ព្រមទាំងបានចែកចេញជា១១មុខវិជ្ជា ៕
អត្ថបទ៖ រដ្ឋា




















