ប្រណាំងម៉ូតូ៖ កីឡាករបារាំង Fabio Quartarato បានប្រជែងឈ្នះការប្រកួតប្រណាំងម៉ូតូ GP នៅទីលាន Mugello ប្រទេសអ៊ីតាលី ដើម្បីពនា្លតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក។ មិនមានការអបអរជ័យជំនះនេះឡើយ ខណៈកីឡាករទាំងអស់មានការសោកសង្រេង ចំពោះការបាត់បង់ជីវិតរបស់កីឡាករស្វ៊ីស Jason Dupasquier ដែលស្លាប់ក្រោយប៉ះទង្គិចក្នុងប្រកួតជំរុះ Moto3 កាលពីថ្ងៃសៅរ៍។

កីឡាកររបស់ក្រុម Yamaha, Fabio Quartararo បានមកដល់ទីព្រ័ត្រមុនគេ តាមពីក្រោយដោយកីឡាករព័រទុយហ្កាល់ Miguel Oliveira និងលេខ៣ កីឡាករអេស្ប៉ាញ Joan Mir។ Fabio Quartararo បាននិយាយថា នេះជាអារម្មណ៍ដ៏លំបាកមួយសំរាប់កីឡាករគ្រប់រូបទាំងមុន និងក្រោយការប្រកួត និងសោកស្ដាយបំផុត ក៏ដូចជាចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់ Jason។ ជ័យជំនះរបស់ Fabio Quartararo បានធ្វើអោយកីឡាកររបស់ក្រុម Yamaha រូបនេះពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោកឡើងដល់ ២៤ពិន្ទុដាច់អ្នកលេខ២ កីឡាករបារាំង Johann Zarco ដែលបានលេខ៤ នៅអ៊ីតាលីនេះ ខណៈអ្នកលេខ៣ ក្នុងតារាងជើងឯកគឺកីឡាករអ៊ីតាលី Francesco Bagnaia របស់ក្រុម Ducati៕
អត្ថបទ៖នាង សុភាវុធ