ភ្នំពេញ ៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០២៣នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលដំណើរការផ្ដល់សេវាសុខាភិបាល របស់ក្រុមការងារគ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
ការអញ្ជើញចុះមកដោយផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ដ្រីសុខាភិបាល ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីដំណើរការផ្ដល់សេវាសុខាភិបាលកន្លងមក ជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈម ឬចំណុចខ្វះខាតណាមួយ ហើយជួយបំពេញបន្ថែម ធ្វើយ៉ាងណាផ្ដល់នូវប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានផ្ដល់នូវអនុសាសន៍ជាគន្លឹះមួយចំនួន ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច ដែលបានដាក់ចេញ។ ទន្ទឹមនឹងការអភិវឌ្ឍន៍ទាំងនេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យ ត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺ ឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា





















