
ការវាយប្រហារនៅប្រទេសម៉ាលីភាគខាងជើង បានកើនឡើងច្រើនជាងទ្វេដង ចាប់តាំងពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានបញ្ចប់ដំណាក់កាលដំបូងនៃការដកខ្លួនរបស់ពួកគេ កាលពីខែមុន បន្ទាប់ពីរយៈពេលមួយទសវត្សរ៍នៃការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយមឥស្លាម ដែលបានបណ្តាលឲ្យមនុស្សជាង១៥០នាក់ស្លាប់។
ក្នុងការវាយប្រហារដ៏សាហាវមួយ ក្រុមសកម្មប្រយុទ្ធ បានកំណត់គោលដៅលើទូកដឹកអ្នកដំណើរបីជាន់ ដោយបានសម្លាប់ជនស៊ីវិល៤៩នាក់។ ចំណែកក្នុងសប្តាហ៍នេះ ក្រុមឧទ្ទាមមួយក្រុមផ្សេងទៀតបានវាយប្រហារជំរំកងទ័ពម៉ាលី ក្នុងតំបន់លីរី (Lere) ជាប់ព្រំដែនជាមួយប្រទេសម៉ូរីតានី (Mauritania) ដោយបានបណ្តាលឲ្យបុគ្គលិកសន្តិសុខជាច្រើននាក់ស្លាប់ និងរងរបួស។
ឥឡូវនេះ ជនជាតិម៉ាលីដែលភៀសខ្លួនដោយសារខ្លាចស្ថានភាពដ៏អាក្រក់បំផុតនេះ មិនទាន់ចូលដល់ក្នុងអំពើហិង្សាដែលអូសបន្លាយយូរនេះទេ។
Fatouma Harber អ្នកស្រុកតំបន់Timbuktu ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេ បាននិយាយថា៖ នៅក្នុងតំបន់ Timbuktu សហគមន៍ទាំងអស់ កំពុងចាកចេញពីទីក្រុងនេះ។
Harber បានបន្ថែមថា៖កាលពីប៉ុន្មានសប្តាហ៍មុន គ្រាប់រ៉ុក្កែតមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុង ដោយបានបណ្តាលឲ្យក្មេងម្នាក់ស្លាប់។ អ្នករាល់គ្នាគិតថា វាអាចធ្លាក់មកលើពួកគេ ឬកូនៗរបស់ពួកគេ»។
បន្ទាប់ពីកាន់អំណាចជាង ៣ឆ្នាំមក របបយោធារបស់ប្រទេសម៉ាលី កំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងតំបន់ភាគខាងជើងដែលរងគ្រោះខ្លាំង បន្ទាប់ពីទាមទារឲ្យដកកងរក្សាសន្តិភាពប្រហែល១៧.000នាក់ចេញ។ ស្របពេលជាមួយគ្នានោះ កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ជាមួយក្រុមឧទ្ទាម Tuareg ជនជាតិភាគតិច ហាក់ដូចជា បានដួលរលំ ដែលធ្វើឲ្យវិបត្តិសន្តិសុខកាន់តែជ្រៅៗទៅ។