
នៅថ្ងៃសុក្រនេះ រជ្ជទាយាទជប៉ុនព្រះអង្គម្ចាស់ Akishino និងអគ្គមហេសី Kiko បានជួបជាមួយប្រធានាធិបតីវៀតណាមលោក Vo Van Thuong (វ៉ូ វ៉ាន់ធឿង)និងភរិយារបស់លោក នៅក្នុងទីក្រុងហាណូយ ដែលជាផ្នែកមួយនៃការយាងដំណើរព្រះរាជទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់គ្រួសាររាជវង្សជប៉ុន ។
ព្រះអង្គម្ចាស់ Akishino និងអគ្គមហេសី បានយាងដំណើរមកដល់ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ លើដំណើរព្រះរាជទស្សនកិច្ច ដើម្បីប្រារព្ធទំនាក់ទំនងការទូតរយៈពេល ៥០ឆ្នាំ រវាងប្រទេសទាំង ២ ស្របពេលដែលជប៉ុន ព្យាយាមពង្រឹងទំនាក់ទំនងរបស់ពួកគេនៅក្នុងតំបន់ ។
ក្រោយជំនួបជាមួយលោក Thuong ព្រះអង្គម្ចាស់ Akishino គ្រោងនឹងចាកចេញទៅកាន់ទីក្រុងភាគកណ្តាល Danang និងទីក្រុង Hoi Anផងដែរ ជាកន្លែងដែលសកម្មភាពពាណិជ្ជកម្មជប៉ុន លូតលាស់ខ្លាំង អំឡុងសតវត្សរ៍ទី ១៦ និងសតវត្សរ៍ទី ១៧ ។
ស្វាមី និងមហេសីរាជវង្សទាំង ២អង្គ និងគណៈប្រតិភូរបស់ពួកទ្រង់ បានជួបជាមួយអនុប្រធានាធិបតីវៀតណាម គឺលោក Vo Thi Anh Xuan មុនពេលយាងធ្វើដំណើរទៅកាន់ផ្ទះលើទឹកនៅទីក្រុងហូជីមិញ និងឲ្យចំណីត្រីនៅក្នុងត្រពំាងក្បែរនោះ ។
សូមបញ្ជាក់ថា វាគឺជាការយាងដំណើរព្រះរាជទស្សនកិច្ចលើកទី ៣ហើយរបស់ព្រះអង្គម្ចាស់ Akishino ដែលការយាងដំណើរព្រះរាជទស្សនកិច្ច ២លើកមុន ធ្វើឡើងនៅឆ្នាំ ១៩៩៩ និងឆ្នាំ ២០១២ ៕