
យោធាប្រទេសប៉ាគីស្ថាន បាននិយាយថា កងកម្លាំងសន្តិសុខ បានសម្លាប់ភេរវជន៨នាក់ និង៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការចំនួន២ដាច់ដោយឡែកពីគ្នានៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយព្យប្រទេស។
ទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម(ISPR) ជាប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាកងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការផ្អែកលើការស៊ើបអង្កេតនៅក្នុងស្រុក Bannu និងស្រុក North Waziristan ។
ប្រព័ន្ធផ្សព្វផ្សាយ ISPR បាននិយាយថាអំឡុងប្រតិបត្តិការដំបូង ក្នុងតំបន់ Jani Khel នៃស្រុកBannu ការបាញ់តគ្នាខ្លាំងបានកើតឡើង រវាងកងទ័ពនិងក្រុមភេរវជន ហើយភេរវជន៦នាក់ ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ។
យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថាក្រុមភេរវជនដែលត្រូវបានលុបបំបាត់ បានជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្មជាច្រើនប្រឆាំងកងកម្លាំងសន្តិសុខ រួមទាំងការបង្កើនការវាយប្រហារអត្តឃាតលើក្បួនរថយន្តយោធា នៅក្នុងតំបន់តែមួយនេះកាលពីខែមុន ដែលបានសម្លាប់ទាហាន៩នាក់។
យោធានិយាយថាប្រតិបត្តិការបោសម្អាត នឹងបន្ត នៅក្នុងតំបន់ជុំវិញ ដើម្បីលុបបំបាត់ភេរវជនផ្សេងទៀតណាមួយដែលត្រូវបានរកឃើញ ហើយកងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន នៅតែប្តេជ្ញាចិត្តលុបបំបាត់ការគំរាមកំហែងភេរវកម្ម។